(ភ្នំពេញ)៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ មានសប្បុរសជន ជាបន្តបន្ទាប់ បាននាំយកថវិកាសប្បុរសធម៌ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះ ឲ្យមាននិរន្តភាព ក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ។

នៅដើមខែឧសភា ឆ្នាំ២០២៣នេះ មានសប្បុរសជនបាននាំយកថវិកាមួយចំនួន ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ថវិកាដែលសប្បុរសជននាំមកក្នុងនោះ៖ ក្រុមហ៊ុនស្រាបៀរ Ganzberg ឧបត្ថម្ភរថយន្ត FORD Pickup ថ្មីមួយគ្រឿង និងមួកសុវត្ថិភាពចំនួន ៥០០, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ឧបត្ថម្ភ ៣ម៉ឺនដុល្លារ, ឯកឧត្ដម ឡាយ ស៊ា និងលោកជំទាវឧកញ៉ា ម៉ី សីឡា ក្រុមហ៊ុនម៉ែនសារុន បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ, ធនាគារ ហត្ថា ម.ក ឧបត្ថម្ភថវិកា ២០លានរៀល, ឧកញ៉ា ប៊ុន សុខមេនា និងលោកជំទាវ លឹមលក្ម្សី ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ, ឧកញ៉ា តាំង ម៉េងហុង និងលោកជំទាវ លឹម នាងនាថ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ។

ក្នុងនោះក៏មានសប្បុរសជន ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបរិច្ចាគថវិកាចំនួន ២៥,០០០ដុល្លារ, លោកជំទាវ ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះ បរិច្ចាគថវិកា ចំនួន ៥០០ដុល្លារ, ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ឹង សំផន​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ យស់ ស៊ីម បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារ,ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ និងវិទ្យុហង្សមាស និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ, ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារ
ធនាគារ មេគង្គកម្ពុជា មហាជនទទួលខុសត្រូវមានកំរិត បានបរិច្ចាគថវិកាចំនួន ១០លានរៀល, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ២០០លានរៀល, ធនាគារស្ថាបនា ភីអិលស៊ី ៥ពាន់ដុល្លារអាមេរិក, លោក លី ឈួង អគ្គនាយកក្រុមហ៊ុន លី ឈួង សំណង់ និងលោកជំទាវ ជាម ច័ន្ទរស្មី បានបរិច្ចាគថវិកាចំនួន ៣ពាន់ដុល្លារ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត សប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងទិវា៨ឧសភា ដែលនេះគឺជាកាយវិការប្រកបដោយបេះដូងមនុស្សធម៌ និង វប្បធម៌នៃការចែករំលែកដ៏ប្រពៃថ្លៃថ្លា។

ជាមួនេះគ្នានេះ លោកស្រី បានបញ្ជាក់ទៀតថា ទោះបីមិនប្រារព្ធមិទ្ទីងអបអរសាទរក្តី តែកាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា, ស្បៀងនិងសម្ភារៈនានា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាព បំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លា ជួយ កាកបាទក្រហមកម្ពុជា​ដោយស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកំរិតទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត៕