(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង មន្រ្តីរាជការ មន្រ្តីរាជការជាគ្រូបង្រៀនវិទ្យាល័យ និងអនុវិទ្យាល័យ គ្រូបង្រៀនកិច្ចសន្យាមន្រ្តី កិច្ចសន្យាទូទៅមន្រ្តីនគរបាល មន្រ្តីនគរ បាលការពារព្រំដែន មន្រ្តីកងរាជអាវុធហត្ថ មន្រ្តីសឹករង មន្រ្តីចូលនិវត្តន៍អតីតយុទ្ធជន សរុបចូលរួមទាំងអស់ចំនួន ១,៩២២រូប។
សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថា ថ្ងៃនេះជាការជួបសួរសុខទុក្ខជាមួយមន្រ្តីទាំងអស់ទាំងមន្រ្តីកំពុងបំពេញការងារ និងមន្រ្តីចូលនិវត្តន៍ក្នុងស្រុកកំរៀង ហើយសម្ដេច នឹងបន្តចុះជួបមន្រ្តីទាំងអស់ប្រមាណជាងច្រើនម៉ឺននាក់ទៀតនៅតាមបណ្ដាក្រុង ស្រុក នៅទូទាំងខេត្តបាត់ដំបងថែមទៀតផងដែរ។
នៅក្នុងឱកាសនេះដែរ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកកំរៀងដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឱ្យស្រុកកំរៀងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកកំរៀងដែលបានតស៊ូ លះបង់ ធ្វើពលិកម្មយ៉ាងលំបាកនាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ និងទម្រាំយើងទាំងអស់គ្នា ជាអ្នកជំនាន់ក្រោយ និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់កន្លងមកនោះ។
សម្ដេចក្រឡាហោម បានបញ្ជាក់អំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថាអង្គពិធីថាជាពិតណាស់យើងបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ អំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ និងទិសដៅរយៈពេល៥ឆ្នាំបន្តទៀត។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តន៍ប្រែប្រួលស្មុគស្មាញនៃសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ តែមិនអាចទៅរួចបានឡើយ។
បន្ថែមពីនេះ សម្តេចក្រឡោហោម ស ខេង បានលើកឡើងថា ទោះបីប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកំរៀង។
សម្ដេចបានបន្តថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថាផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត កាន់តែរីកចម្រើនខ្លាំងបន្ថែមទៀតផងដែរ៕