(ម៉ុងហ្គោលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងតាមរយៈ Facebook របស់សម្តេចថា នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ ថ្នាក់ដឹកនាំប្រទេសអាស៊ីអឺរ៉ុប នឹងបន្តការប្រជុំមួយព្រឹកទៀត ខណៈខ្លួនសម្តេចផ្ទាល់នឹងត្រូវ មានជំនួបទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសផ្សេងទៀងផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ីអឺរ៉ុបដែលមាន ថ្នាក់ដឹកនាំប្រទេសចំនួន៥១ ជាសមាជិកចូលរួមនោះ និងបន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី ជាមួយបណ្តាប្រទេសផ្សេងៗ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុង អូឡង់បាទ័ ប្រទេសម៉ុងហ្គោលី នៅម៉ោង ១៦៖០០នាទីរសៀល ដែលត្រូវនឹងម៉ោង ១៤៖០០នាទីម៉ោងនៅកម្ពុជា ហើយសម្តេច និងគណៈប្រតិភូនឹងត្រឡប់មកដល់កម្ពុជាវិញ នៅម៉ោង២១៖៣០នាទីយប់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ព្រឹកនេះ ថ្នាក់ដឹកនាំអាស៊ីអឺរ៉ុបនឹងបន្តការប្រជុំមួយព្រឹកទៀត។ ខ្ញំក៏នឹងមានជំនួបទ្វេភាគីខ្លះថែមទៀត។ តាមគំរោងគណៈប្រតិភូ នឹងចាកចេញពីអូឡង់បាទ័ ប្រទេសម៉ុងហ្គោលី នៅម៉ោង១៦៖០០ ត្រូវនិងម៉ោង១៤៖០០ ម៉ោងកម្ពុជា នឹងទៅដល់ភ្នំពេញមោង២១៖៣០យប់នេះ»។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំប្រទេសទាំង៥១ ដែលជាសមាជិក និងអង្គការ២ទៀត គឺលេខាធិការអាស៊ាន និងសហភាពអឺរ៉ុប បានប្រជុំមួយថ្ងៃពេញ ដោយមិនមានពេលសម្រាក ឬដូរខោអាវនោះទេ៕