(កំពង់ចាម)៖ លោកគ្រូ អ្នកគ្រូ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហោ ណាំហុង ព្រៃញា ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានការពន្យល់កាន់តែលម្អិតពីគុណតម្លៃសន្តិភាព ស្ថិរភាព ពីសំណាក់ក្រុមការងារគណបក្សចុះជួយឃុំផ្អាវ រឿងដែលសំខាន់ «សន្តិភាព» ជាកត្តាចម្បងជំរុញឱ្យមានការអភិវឌ្ឍ ក៏ដូចជាបង្កបរិយាកាសនៃការសិក្សាឱ្យកាន់តែប្រសើរឡើង។

ការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចសំណេះសំណាលរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំផ្អាវ ជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហោ ណាំហុង ព្រៃញា សរុបប្រមាណជិត ៥០០នាក់ ក្រោមវត្តមានលោក ឡេង តុង អនុប្រធានក្រុមការងារ តំណាងលោក ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ។

លោកអនុប្រធានក៏បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ស្ថិរភាពដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន និងបានអំពាវឱ្យប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលជាកម្លាំងកសាងជាតិជំនាន់ក្រោយ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យបានយូរអង្វែង។

«សន្តិភាព» ជាកត្តាចម្បងជំរុញឱ្យមានការអភិវឌ្ឍកសាងប្រទេសជាតិ ភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋ ជំរុញឱ្យមានឱកាសការងារក្នុងនិងក្រៅប្រទេស ក៏ដូចជាបង្កបរិយាកាសនៃការសិក្សារៀនសូត្រសម្រាប់សិស្សានុសិស្សគ្រប់គ្នាឱ្យកាន់តែប្រសើរឡើង។ នេះជាការសង្កត់ធ្ងន់របស់លោក ឡេង តុង។

លោក ឡេង តុង ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សខិតខំរៀនសូត្រ រៀបចំកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់កុំបោះបង់ការសិក្សា ថែរក្សា សុខភាព ជាពិសេសគឺ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីជាទំពាំងស្នងឫស្សីចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ លោកបានណែនាំឱ្យយកចិត្តទុកស្តាប់ដំបូន្មានឪពុកម្តាយ ជាពិសេសលោកគ្រូ អ្នកគ្រូ និងដឹងគុណគាត់វិញនៅពេលទទួលបានជោគជ័យ។

លោកអនុប្រធានថ្លែងអំណរគុណជូនលោកគ្រូ អ្នកគ្រូ ដែលបានជួយបណ្តុះបណ្តាលសិស្សានុសិស្សឱ្យទទួលបានជោគជ័យ លើកកម្ពស់ធនធានមនុស្សក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ លោក ផុន ផាន នាយកសាលាវិទ្យាល័យ ហោ ណាំហុង ព្រៃញា បានឱ្យដឹងថា ការរៀបចំឱ្យមានវេទិកាសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហោ ណាំហុង ព្រៃញានេះ គឺបង្ហាញពីការខិតខំយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រ របស់សិស្សថ្នាក់ទី១២ មុនពេលប្រលងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំផ្អាវ។

ក្នុងនាមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យ ហោ ណាំហុង ព្រៃញា លោកនាយកសាលាបានប្ដេជ្ញាបន្តចូលរួមការពារសន្តិភាព គាំទ្ររាជរដ្ឋាភិបាលនិងគណបក្សដែលថែក្សាការពារសន្តិភាព មិនចុះញ៉មជាមួយក្រុមណាដែលចង់បំផ្លាញសន្តិភាពនោះឡើយ៕