(អង់ការ៉ា)៖ យោធាមួយក្រុមបានចូលទៅកាន់ស្ថានីយ៍ផ្សាយព័ត៌មានរដ្ឋតួកគី TRT និងប្រាប់ក្រុមអ្នក រាយការណ៍ព័ត៌មានឲ្យផ្សព្វផ្សាយថា ពួកគេកំពុងគ្រប់ គ្រងប្រទេសទាំងស្រុងទៅហើយ ខណៈយន្តហោះចម្បាំងកំពុងតែហោះហើរនៅតំបន់សំខាន់ៗនៃទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល ហើយដែលការលើក ឡើងទាំងនេះគឺផ្ទុយទៅនឹងការលើកឡើងរបស់ ប្រធានាធិបតី និងនាយរដ្ឋមន្ត្រីតួកគី។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយទូរទស្សន៍រដ្ឋបានលើកឡើងថា យោធាដែលហៅខ្លួនឯងថា ក្រុមប្រឹក្សាសន្តិភាព បានគ្រប់គ្រងអំណាចក្នុងប្រទេសទាំងមូលហើយ ព្រមទាំងបានដាក់បម្រាមគោចរ និងច្បាប់សឹកផងដែរ។ ការថ្លែងបែបនេះត្រូវបាននាយករដ្ឋមន្ត្រីតួកគី Binali Yildirim ច្រានចោល ហើយអះអាងថា រដ្ឋាភិបាលកំពុងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ស្របពេលតំបន់គ្មានការហោះហើរ ត្រូវបានដាក់នៅជុំវិញទៅក្រុងអង់ការ៉ាទាំងមូល។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កំពុងស្ថិតនៅកន្លែងសុវត្ថិភាពបានលើកឡើងថា វាគ្រាន់តែជាធ្វើឡើងដោយក្រុមយោធាមួយក្តាប់តូចតែប៉ុណ្ណោះ។
នៅក្នុងព័ត៌មានដែលកំពុងផ្សាយដោយ CNN តួកគី និងតាមរយៈការផ្សាយផ្ទាល់នៃព័ត៌មានតាមប្រព័ន្ធអ៊ីធើណែតទូរស័ព្ទនោះ លោក Erdogan នៅបានអំពាវនាវថែមទៀតឲ្យ ប្រជាពលរដ្ឋតួកគីទាំង អស់ចេញមកដើរដង្ហែក្បួនព្យុហយាត្រាតាមដងផ្លូវ ដើម្បីសម្តែងការការពារលទ្ធិប្រជាធិបតេយ្យ។
ប្រធានាធិបតីតួកគី លើកឡើងដូច្នេះថា «វាប្រាកដណាស់ថា សកម្មភាពបែបនេះបានជម្រុញឲ្យកើតមានពីពួកដែលមានចេតនាដូចគ្នា។ ខ្ញុំជឿជាក់ថា សកម្មភាពនេះ នឹងទទួលរងទោសទណ្ឌ ដែលប្រជាជាតិយើងជាអ្នកដាក់ទោសពួកគេ។ ខ្ញុំនឹងបង្ហាញវត្តមាននៅទីលានដ៏ធំមួយ ដែលអាចនៅទីក្រុងអង់ការ៉ា ឬក៏អ៊ីស្តង់ប៊ុល»។
យន្តហោះចម្បាំងដែលត្រូវបានបញ្ជាឲ្យធ្វើការហោះហើរនៅទីក្រុងអង់ការ៉ា និង អ៊ីស្តង់ប៊ុល ព្រមទាំងកងរថក្រោះដែលគ្រោងទៅដាក់ នៅព្រលានយន្តហោះ Ataturk នៃទីក្រុង អ៊ីស្តង់ប៊ុលនោះ ក៏ត្រូវបានរំសាយចោលទំាងស្រុងផងដែរ។
ព័ត៌មានជាបន្តបន្ទាប់បានចេញផ្សាយនៅព្រឹកព្រហាមថ្ងៃសៅរ៍នេះ ដែលត្រូវជាពេលរំលងអាធ្រាតនៅប្រទេសតួកគីថា មេបញ្ជាការយោធាកំពូលៗ និងមនុស្ស ផ្សេងទៀតសរុប១៣នាក់ ត្រូវបានចាបប់ឃុំខ្លួននៅក្នុងរដ្ឋប្រហារយោធា នៅប្រទេសតួកគី ខណៈដែលពិភពលោក ទាំងមូលរួមមានអង្គការ សហប្រជាជាតិ, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, និងប្រទេសនៅអឺរ៉ុបមួយចំនួនទៀត បានអំពាវនាវឲ្យតួកគីរក្សាការអត់ធ្មត់កម្រិតខ្ពស់បំផុត។
សូមបញ្ជាក់ថា ក្រុមទាហានដែលកំពុងគ្រប់គ្រងប្រទេសនោះ មិនទាន់ដឹងច្បាស់ថាជាភាគីខាងណានោះទេ។
ភាពចលាចលពេញផ្ទៃប្រទេស និងដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក បន្ទាប់ពីរដ្ឋប្រហារដោយក្រុមយោធា ដោយក្នុងព្រឹត្តិការណ៍នៃរដ្ឋប្រហារ យន្តហោះ F-16 បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងស្លាប់មនុស្ស១៧នាក់ និងរដ្ឋសភា រងការបំផ្ទុះគ្រាប់បែក នេះបើយោងតាមសេចក្តីរាយការណ៍របស់ BBC ចេញផ្សាយបន្តបន្ទាប់នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមទាហានបានដណ្តើមអំណាច និងកំពុងគ្រប់គ្រងប្រទេសតួកគីដោយកម្លាំងយោធា ដាក់ពង្រាយចំណុចសំខាន់ៗ និងអមដោយឧទ្ធម្ភាគចក្រហោះការពារពីខាងលើផងដែរ។
ក្រុមទាហានដែលដណ្តើមស្ថានីយ៍ទូរទស្សន៍ បានធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ដោយនិយាយថា ឥឡូវប្រទេសកំពុងស្ថិតក្នុងបម្រាមគោចរ និងជាច្បាប់អាជ្ញាសឹក។ មន្រ្តីយោធាកំពូលមួយចំនួន ត្រូវបានត្រូវបានឃុំខ្លួន៕
សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Skynews: