(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១,៣០០ម៉ែត្រ នៅភូមិដូនដុំ ឃុំសូទិព ស្រុកជើងព្រៃ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងភូមិដូនដុំ។
នាឱកាសនោះដែរលោកអភិបាលខេត្តបានថ្លែងថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែមានប្រវែងខ្លី ប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
លោកអភិបាលខេត្ត បានបន្តថា ផ្លូវមួយខ្សែនេះប្រជាពលរដ្ឋក្នុងតំបន់នេះ បានសំណូមពរ និងរង់ចាំជាយូរមកហើយ ចាប់តាំងពីមុនជំងឺកូវីដ១៩ ផ្ទុះឡើង។ លុះពេលវេលាជាបន្តបន្ទាប់មក ដោយសាររាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តជាប់រវល់មមាញឹកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទើបបណ្ដើរធ្វើឱ្យការស្ថាបនាផ្លូវនេះមានការយឺតយ៉ាវ ពន្យារពេលរហូតមកដល់ពេលនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃនេះ អ្វីដែលបងប្អូនចង់បានយូរមកហើយនោះ បានមកដល់ហើយ ដែលផ្លូវមេមួយខ្សែនេះ ត្រូវបានបើកការដ្ឋានស្ថាបនាជាប្រភេទ ក្រាលកៅស៊ូ DBST សម្រាប់សម្រួលឱ្យប្រជាពលរដ្ឋយើងធ្វើដំណើរ បានឆាប់រហ័សនិងងាយស្រួលក្នុងការដឹកកសិផលទៅរកទីផ្សារផងដែរ ដើម្បីបម្រើផលប្រយោជន៍បង្កើនជីវភាពនៅក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែម្ដង។
តាមមន្ត្រីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ផ្លូវដែលបានបើកការដ្ឋានស្ងាបនានេញ ជាប្រភេទផ្លូក្រាលកៅស៊ូវ DBST ប្រវែង ១,៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ គឺចាប់ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានដាក់លូអមសងខាងផ្លូវ លូកាត់ទទឹងផ្លូវ ៣កន្លែង ចំណាយថវិកា អស់ប្រមាណជា ៣,០០០លានរៀល៕