(ក្រចេះ)៖ រថយន្តយីឌុបមួយគ្រឿង ដឹកទំនិញពេញពីប្រទេសវៀតណាម ឆ្ពោះមករាជធានីភ្នំពេញ បានក្រឡាប់ដោយខ្លួនឯង នៅកណ្តាលផ្លូវបណ្តាលឲ្យផ្ទុះឆេះ ក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិ-ឃុំស្រែចារស្រុស្នួល ខេត្តក្រចេះ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យអ្នកបើករថយន្ត គៀបជាប់ជាមួយកាប៊ីនស្លាប់យ៉ាងវេទនា ខណៈព្រូរថយន្តបានរួចផុតពីសេចក្តីស្លាប់។

ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានដឹកនាំកម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ និងជួយសម្រួលចរាចរណ៍រហូតភ្លើងបានរលត់ទាំងស្រុង។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីទំហំ នៃការខូចខាតទំនិញសរុប នៅលើរថយន្តនោះទេ ប៉ុន្តែតាមការឲ្យដឹងពីសមត្ថកិច្ច គឺជាទំនិញប្រភេទកាវ ដឹកពីវៀតណាម ឆ្ពោះទៅភ្នំពេញ៕