(ភ្នំពេញ)៖ តាមគម្រោង និងការប្រកាសជាទូទៅរបស់ក្រុមគ្រួសារសព លោក កែម ឡី គឺសពនឹងត្រូវដង្ហែរយកទៅបញ្ចុះ នៅស្រុកកំណើតឯខេត្តតាកែវ នាព្រឹកអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ហើយតំណាងគ្រួសារសពក៏បានព្រមព្រៀង គ្នាជាមួយ សាលារាជធានីភ្នំពេញ រួចហើយដែរនៅថ្ងៃនេះ។
ប៉ុន្តែនាព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលបាននិងកំពុងស្ថិតនៅក្នុងពិធីបុណ្យ សពលោកបណ្ឌិត កែម ឡី ក្នុងទីអារាមវត្តចាស់ ស្ថិតនៅខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ គឺមិនបានគិតអំពីបុណ្យបាប (សាកសពទុកយូរ) នោះទេ ចេញមុខមកប្រកាសថា ពិធីដង្ហែសព នឹងត្រូវលើកពេលទៅថ្ងៃមុនទៀត ដោយមិនកំណត់ថា ថ្ងៃណាជាក់លាក់នោះទេ។
សាច់ញាត្តិនៃគ្រួសារសព បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់សង្ឃ និងពិបាកចិត្តជាខ្លាំងក្រោយពីបានដឹងថា ពិធីដង្ហែរសព ត្រូវបានគេបន្ត លើកពេលដង្ហែ ហើយក្រុមសង្ឃកំពុងបញ្ចេញសកម្មភាពយ៉ាងខ្លាំងនៅក្នុងពិធីបុណ្យសព ដែលគេពិបាកនឹងពន្យល់ឲ្យយល់គ្នាណាស់។ ដូចលោកអភិបាល រាជធានីភ្នំពេញ បានលើកឡើងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តស្វាយផ្អែម សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យថា សពរបស់បណ្ឌិត កែម ឡី កំពុងត្រូវបានគេយកធ្វើអាជីវកម្មទាំងនយោបាយ និងលាភសក្ការៈ ដោយពុំគិតក្រែងពីទឹកចិត្ត របស់គ្រួសារសព សោះឡើយ។
តើមានអ្វីនៅពីក្រោយខ្នង នៃការពន្យារពេលដង្ហែសពលោក កែម ឡី ?
ក្រុមអ្នកតាមព្រឹត្តិការណ៍បានលើកឡើងថា ការចេញមុខប្រកាសផ្លាស់ប្តូរផែនការតាមចិត្តរបស់សង្ឃ ប៊ុត ប៊ុនតិញ គឺបាន បង្ហាញនូវភាពប្រឆាំង នឹងការសម្រេចចិត្តរបស់ក្រុមគ្រួសារសពលោក កែម ឡី ក្នុងចេតនាអ្វីមួយដែលត្រូវបានគេគិតថា៖
ទី១៖ ការពន្យាពេលនេះ ដើម្បីអូសបន្លាយពិធីបុណ្យសព ក្នុងគោលបំណងផ្តល់ឱកាសឲ្យគណបក្សសង្គ្រោះជាតិ កេងចំណេញខាងនយោបាយ។
ទី២៖ សាច់ញាតិគ្រួសារសព ដែលនៅកន្លែងរៀបចំពិធីបុណ្យបានបង្ហើបឲ្យដឹងថា សង្ឃ ប៊ុត ប៊ុនតិញ បានសហការគ្នាជាមួយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួន បញ្ចុះបញ្ចូលទឹកចិត្តក្រុមគ្រួសារសពលោក កែម ឡី ថា «កុំអាលទាន់ហែរសពយកទៅ បញ្ចុះនៅស្រុកកំណើតភ្លាមៗអី ដោយស្នើសុំពន្យាពេលទុក ឲ្យបានយូរទៅមុខទៀត» ដើម្បីទុកឱកាសមហាជនបន្តចូល បច្ច័យឲ្យបានច្រើនថែមទៀតសិន។
សពលោក កែម ឡី បន្ទាប់ពីឃាតករបាញ់សម្លាប់មកដល់ពេលនេះ បានទទួលប្រាក់ចូលបុណ្យពីសប្បុរសជនក្នុងនិងក្រៅ ប្រទេសបានចំនួនជាង១០ម៉ឺនដុល្លារ អាមេរិកហើយ ដែលជាចំនួនមួយច្រើនគួរឲ្យកត់សម្គាល់។ ប្រការនេះហើយអាចជា ឱកាសល្អ នៃមុខរបររបស់ក្រុមជនមួយចំនួន និងកំពុងចាត់ទុកសាកសពលោក កែម ឡី គឺជាមុខជំនួញដ៏កាក់កប។
ក្រុមអ្នកតាមដានអំពីព្រឹត្តិការណ៍នេះ អ្នកវិភាគខ្លះទៀត បានគិតថា មនុស្សមួយចំនួនដែលគេដឹងថា ជាសកម្មជនបក្សប្រឆាំង យល់ថា ការប្រើល្បិចពន្យាពេល ដង្ហែរសពលោក កែម ឡី ក៏អាចជាការវាស់ស្ទង់ចំនួនហ្វូងមនុស្សអ្នកចូលរួមកំរិតណា និងក៏អាចដើម្បីពួកគេងាយស្រួលបង្កការលំបាកដល់សមត្ថកិច្ច និងរក ឱកាសបង្កើតបញ្ហាវឹកវរចលាចលណាមួយក្នុងសង្គម ឲ្យកើតឡើងផងដែរ ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលជាថ្មីទៀត ស្របពេលដែលថ្នាក់ដឹកនាំបក្សប្រឆាំង បានកំពុងរងនូវការ សង្ស័យថា ជាមេក្លោងនៅពីក្រោយអំពើឃាតកម្មសម្លាប់លោក កែម ឡីផងនោះ៕