(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិធីស្មឹងស្មាធដើម្បីគោរព វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ ភេរវកម្ម នៅទីក្រុង Nice ប្រទេសបារាំង។
ពិធីស្មឹងស្មាធគោរពវិញ្ញាក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា មួយចំនួនទៀត។ ខណៈនៅខេត្តសៀមរាបវិញក៏មានការ ស្មឹងស្មាធដូចគ្នានេះដែរ ដែលរៀបចំឡើងនៅនៅសាលាបារាំងចុងបូព៌ា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមជម្រាបថា ហេតុការណ៍ភេរវកម្ម ដោយការបាញ់ប្រហារ និងបើករថយន្តបុករះសម្លាប់មនុស្សនៅទីក្រុង Nice ប្រទេស បារាំង បានកើតឡើង កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ខណៈដែលមនុស្សកំពុងអបអរសាទរពិធីបុណ្យជាតិ Bastille Day។ ហេតុការណ៍នេះបណ្តាលឲ្យមនុស្សយ៉ាង ហោចណាស់៨៤នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួស។ ជនបង្កដែលជាអ្នកបើករថយន្ត ជាបុរសជនជាតិទុយនេស៊ី អាយុ៣១ឆ្នាំ ត្រូវបានបាញ់សម្លាប់ខណៈកំពុងបាញ់តបត ជាមួយប៉ូលីស៕