(ភ្នំពេញ)៖ លោក Becem Hassen អ្នកជំនាញផ្នែកប្រតិបត្តិការនៃមជ្ឈមណ្ឌលត្រៀមសម្របសម្រួល (Command and Coordination Center) និងដឹកនាំបញ្ជាប្រចាំទីបញ្ជាការ INTERPOL នៅតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការប្រកបដោយភាពហ្មត់ចត់របស់សមត្ថកិច្ចកម្ពុជា សម្រាប់ការពារព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ លើកទី៣២។

ការលើកសរសើររបស់ប៉ូលិស INTERPOL បានធ្វើក្នុងជំនួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការល្អរវាងនគរបាលជាតិកម្ពុជា និងស្ថាប័ននគរបាលអន្តរជាតិ អគ្គលេខាធិការនគរបាលអន្តរជាតិ បានចាត់បញ្ជូនលោក Becem Hassen ដើម្បីចូលរួមសហការ ពិគ្រោះយោបល់លើកិច្ចការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ នេត សាវឿន, លោក Becem បានថ្លែងថា លោកពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងកិច្ចការដ៏សំខាន់មួយនេះ ព្រមទាំងបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការប្រកបដោយភាពហ្មត់ចត់របស់សមត្ថកិច្ចកម្ពុជា សម្រាប់ការពារព្រឹត្តិការណ៍ ពិសេសការបញ្ជាដឹកនាំកម្លាំងចម្រុះ ប្រកបដោយការឯកភាព។

លោក Becem Hassen បានបន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជានឹងត្រូវបានធានាសុវត្ថិភាពទាំងស្រុងតែម្តង៕