(ភ្នំពេញ)៖ អ្នកដែលបានចូលទស្សនាផ្ទាល់ម្នាក់ទៀត ក្នុងចំណោមអ្នកចូលទស្សនារាប់ម៉ឺននាក់ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានមរតកតេជោ បានលើកឡើងថា តាមរយៈការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅពេលនេះ នឹងធ្វើឲ្យពិភពលោកកាន់តែច្បាស់ពីប្រទេសកម្ពុជាបន្ថែមទៀត។
លោក ហួរ ហួត ដែលមានតួនាទីជាអភិបាលរងខណ្ឌព្រែកព្នៅដែរនោះ បានគូសបញ្ជាក់ថា មានកត្តាមួយចំនួនដែលរុញឲ្យកម្ពុជាមានលទ្ធភាព ក្នុងការធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ដែលកត្តាសំខាន់បំផុតនោះ គឺសុខសន្ដិភាព ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់កម្ពុជារីកចម្រើន។
លោកបានអះអាងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺជាគំរូវីរៈភាពដ៏អង់អាច ក្នុងការដឹកនាំប្រទេសកម្ពុជា ពិសេសការបញ្ចប់សង្គ្រាម នាំមកនូវសន្ដិភាព និងការអភិវឌ្ឍដូចពេលនេះ ទើបធ្វើឲ្យកម្ពុជាអាចមានឱកាសធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២នេះបាន។
ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោក ហួរ ហួត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាស្ថាបនិកសន្ដិភាព ស្ថាបនិកនយោបាយឈ្នះឈ្នះ មគ្គុទ្ទេសក៏ឯក ដែលស្វែងរកសន្ដិភាពយ៉ាងពេញលេញសម្រាប់ប្រជាជនកម្ពុជា។
សូមស្ដាប់ការលើកឡើងរបស់លោក ហួរ ហួត ដូចខាងក្រោម៖