(ភ្នំពេញ)៖ នារាត្រីថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌, លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញអបអរសាទរ ពិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្មេយ៍ (Southeast Asian Games or Sea Games) លើកទី៣២ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើង នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
មានប្រសាសន៍ នៅក្នុងពិធីអបអរសាទរនេះ លោកបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើង ដែលថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្មេយ៍ (Southeast Asian Games or Sea Games) លើកទី៣២ ជាលើកដំបូង នៅលើទឹកដីដ៏ប្រពៃថ្លៃថ្លារបស់យើង ក្នុងសម័យសន្តិភាពសម្តេចតេជោ ដែលកម្ពុជាយើងបានរង់ចាំអស់រយៈពេលពេល ៦៤ឆ្នាំកន្លងមកហើយ។ ការប្រកួតកីឡាស៊ីហ្គេមនេះ កម្ពុជាយើងជាម្ចាស់ផ្ទះប្រកបមោទកភាពបំផុត ដែលបានរៀបចំឡើងបានយ៉ាងល្អ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ និងបានបង្ហាញពីកិត្យានុភាពជាតិយើង នៅលើពិភពលោកផងដែរ ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្មេយ៍ (Southeast Asian Games or Sea Games) លើកទី៣២ នៅកម្អុជា ដែលបានបើកនៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺដោយសារ កត្តាសន្តិភាព និងការអភិវឌ្ឍន៍ ដែលកើតចេញពីខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំនៃយើង។
អ្វី! ដែលប្រជាតិយើងមានមោទកភាពបំផុតថែមទៀតនោះគឺ ឈាមខាប់ជាងទឹក មានន័យថា បងប្អូនកីឡាករ កីឡាការនី ដែលមានឈាមជ័រជាខ្មែរនៅក្រៅប្រទេស នៅគ្រប់ទីកន្លែងលើពិភពលោក បានស្ម័គ្រចិត្តចូលរួមប្រកួត ដោយបានប្តេជ្ញាយកជ័យជន្នះ ដើម្បីផ្តល់កិត្តិយសជូនជាតិមាតុភូមិ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅទាំងអស់នេះ គឺជាចំណងសាមគ្គីជាតិមួយដ៏រឹងមាំបំផុត ដែលប្រជាជនខ្មែរទូទៅអបអរសាទរ ប្រកបដោយសេចក្តីគោរពស្រលាញ់បំផុត។
មនោសសញ្ចេតនាទាំងនេះ គឺដូចគ្នាទៅនឹងមនោសញ្ចេតនាប្រកបដោយភក្តីភាពរបស់បងប្អូន នៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលី ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គមជាតិ អបអរសាទរជាមួយនឹងមោទកភាពជាតិ ដែលនេះជាគុណធម៌ដ៏វិសេសវិសាលក្នុងនាមជាមនុស្សជាតិ ក្នុងនាមជាជនរួមជាតិតែមួយ៕