(ភ្នំពេញ)៖ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ក៏ដូចជាជំរុញចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្ដរជាតិយ៉ាងផុសផុលរីកចម្រើន។
តើមេដាយមរតកអូឡាំពិកអន្ដរជាតិ មានគុណតម្លៃ និងប្រវត្តិយ៉ាងណា? តើឥស្សរជនណាខ្លះ ដែល IOC ផ្ដល់ជូននូវមេដាយដ៏មានតម្លៃនេះ?
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា មេដាយមរតកអូឡាំពិកអន្ដរជាតិ ដែលត្រូវបានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រីខាងលើ គឺជាមេដាយដែលខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្ដរជាតិ។
មេដាយនេះ រចនាឡើងដោយអ្នកអប់រំ និងប្រវត្តិវិទូជនជាតិបារាំង គឺលោក ពែរ៉េ ដឺ គូប៊ែរតាំង (Pierre de Coubertin) ដែលជាបិតាស្ថានិកកីឡាអូឡាំពិកសម័យទំនើប តាំងពីឆ្នាំ១៨៩៤ សម្រាប់ផ្ដល់ជូនតែប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ដែលមានស្នាដៃ ក្នុងការជួយចលនាអូឡាំពិក និងរៀបចំព្រឹត្តិការណ៍កីឡាធំៗ ប្រកបដោយភាពជោគជ័យ ពោលគឺជាការលើកទឹកចិត្តដល់រដ្ឋាភិបាល ដែលរៀបចំ និងធ្វើឲ្យចលនាកីឡាក្នុងប្រទេស ក៏ដូចជាចលនាកីឡាអន្ដរជាតិ មានភាពផុសផុលរីកចម្រើន បង្កើនបាននូវសាមគ្គីភាព មិត្តភាព សម្រាប់មនុស្សជាតិ។
អ្នកជំនាញកីឡាដដែលពន្យល់ទៀតថា មេដាយមរតកអូឡាំពិកនេះ មានអត្តន័យជ្រាលជ្រៅណាស់ ពោលគឺជាមរតកមួយដ៏ធំ សម្រាប់មនុស្សជាតិមួយ ដែលមានរដ្ឋាភិបាល បានដឹកនាំ លើកស្ទួយវិស័យកីឡា និងចលនាអូឡាំពិកអន្ដរជាតិ ដ្បិតមេដាយដ៏កម្រិតនេះ មិនងាយប្រគល់ជូនថ្នាក់ដឹកនាំនៃរដ្ឋភិបាលណាមួយនោះទេ។
សូមបញ្ជាក់ថា មេដាយមរតកអូឡាំពិកអន្ដរជាតិខាងលើ ត្រូវបានលោក Ng Ser Miang អនុប្រធានទី១ IOC តំណាងលោក Thomas Bach ប្រធាន IOC ប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
ជាការពិត មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា “ប្រទេសតូច បេះដូងធំ” បន្ទាប់ពីសម្ដេចបានប្រកាសអនុញ្ញាតឲ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀត។
តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ទោះបីកម្ពុជាទើបធ្វើជាម្ចាស់ផ្ទះលើកដំបូងក៏ដោយ៕