(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ប្រកបដោយភាពរីករាយ និងមោទកភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវពាក្យស្លោកថា កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

ជាមួយនឹងការប្រកាសនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះវត្តមានរ​បស់ លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ តំណាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម និងគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា «ប្រទេសតូច បេះដូងធំ» បន្ទាប់ពីសម្ដេចបានប្រកាសអនុញ្ញាតឲ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀត ។

តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ទោះបីកម្ពុជាទើបធ្វើជាម្ចាស់ផ្ទះលើកដំបូងក៏ដោយ ៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ៖