(ពោធិ៍សាត់)៖ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀកពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធី និងដើបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះ ឥឡូវត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគាររួចរាល់ហើយ បន្ទាប់ពីបែកការត្រឹមអភិបាលខេត្តថ្មីឈ្លាសវៃមានការសង្ស័យ។
ការចាប់ខ្លួនជំទាវក្លែងខ្លួនរូបនោះធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភាឆ្នាំ ២០២៣ ក្នុងក្រុងពោធិ៍សាត់។
លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហ៉ីម មុំ អាយុ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ២៤ ផ្លូវលេខ១០៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជននេះត្រូវបានលោក ឡុញ ច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ក្នុងសំណុំរឿងស៊ើបសួរលេខ២៤៥ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែង ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹង នៅតុលាការ អស់ទឹកប្រាក់ចំនួន១៧,៧០០ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន១៨,០០០ដុល្លារ, និងខ្លះ ១៥.០០០ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀត ត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី៥ ទៅ ៦លានរៀលផងដែរ។
បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីជាប់ឃុំខាងលើចូលរួមអង្គុយជាកិត្តិយស និងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថា ជាលោកជំទាវៗចាប់តាំងពីជំនន់អភិបាលខេត្ត ម៉ៅ ធនីន ជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះ ដែលគ្មាននណាម្នាក់បានដឹងថា ជាជំទាវត្បែងឲ្យបន្លំខ្លួនដើម្បីបង្ហាញឲ្យគេឃើញថា ខ្លួនអស្ចារ្យធ្វើឱ្យពលរដ្ឋមានទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។
ទើបបែកការត្រឹមលោក ខូយ រីដា អភិបាលខេត្តថ្មី ចាប់អារម្មណ៍ មានការសង្ស័យដាក់ផែនការឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញ ជាករណីឆបោកប្រជាពលរដ្ឋ និងមានបណ្ដឹងចាប់ខ្លួនដាក់គុកតែម្ដង៕