(ភ្នំពេញ)៖ លោក ចាស្ទីន វ៉ាយអេត (H.E. Justin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីយ៉ាងសំខាន់របស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតតាមបែបលក្ខណៈ ប្រជាធិបតេយ្យ ដែលត្រូវធ្វើយ៉ាងណាឱ្យការបោះឆ្នោតមានភាពអព្យាក្រឹត ឥតលម្អៀង និងមានភាពជឿជាក់ពីម្ចាស់ឆ្នោត។  

នេះបើតាមសេចក្តីប្រកាសព័ត៌មានពីជួបពិភាក្សាការងាររបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី នាព្រឹកថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរវាង ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយ លោក ចាស្ទីន វ៉ាយអេត ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ប្រាជ្ញ ចន្ទ បានមានមតិស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប ដើម្បីជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លោកប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក នូវថវិកាជាងមួយលានដុល្លារសហរដ្ឋអាមេរិក។

លោក ចាស្ទីន វ៉ាយអេត បានថ្លែងអំណរគុណដល់ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាទទួលជួប ហើយឯកឧត្តមបានរំលឹកអំពីបេសកកម្មនៅប្រទេសកម្ពុជាចូលរួមមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០០៣។ សម្រាប់ឆ្នាំ២០២៣ នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតមានឱកាសម្តងទៀតមកស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតបានចាប់អារម្មណ៍អំពីការវិវឌ្ឍ ផ្នែកនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោក ចាស្ទីន វ៉ាយអេត បានបន្តថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត។ 

ក្នុងជំនួបនាពេលនោះ លោក ចាស្ទីន វ៉ាយអេត ចង់ដឹងអំពីដំណើរការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងអំពីបែបបទនៃការ ចុះបញ្ជីនេះ។ មួយទៀតលោកឯកអគ្គរដ្ឋទូត ចង់ដឹងអំពីតួនាទីអ្នកសង្កេតការណ៍បោះឆ្នោត ពីព្រោះខាងអូស្ត្រាលីនឹងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតទេ ប៉ុន្តែអូស្ត្រាលីនឹងជួយអ្នកសង្កេតការណ៍ជាតិនៅកម្ពុជា។

ឆ្លើយបំភ្លឺទៅនឹងសំណួរខាងលើប្រធាន គ.ជ.ប បានពន្យល់អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ការបង្កើតសភាធម្មនុញ្ញ តមក សភាធម្មនុញ្ញក្លាយជា រដ្ឋសភា និងការបង្កើតរាជរដ្ឋាភិបាល។ មកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន១៨ លើករួចមកហើយ ដែលការបោះឆ្នោតទាំងនោះត្រូវបានទទួលស្គាល់ពីភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

លោក ប្រាជ្ញ ចន្ទ បានបន្តថា នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជាបានធ្វើការកែទម្រង់ការបោះឆ្នោត ដោយស្ថាប័ន គ.ជ.ប ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានអនុម័តដោយរដ្ឋសភា។ បច្ចុប្បន្ន គ.ជ.ប កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងនៅឆ្នាំ២០២៤ ខាងមុខនេះ គ.ជ.ប នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការរៀបចំ និងការចាត់ចែងការបោះឆ្នោតទាំងនោះជាសមត្ថកិច្ចរបស់ គ.ជ.ប។

លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍អំពីការរៀបចំប្រតិទិននៃការ បោះឆ្នោត ការធ្វើផែនការមេ ការរៀបចំបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងការកសាងឯកសារ គតិយុត្តពាក់ព័ន្ធផ្សេងទៀតសម្រាប់ការបោះឆ្នោត។ ប្រធាន គ.ជ.ប បានពន្យល់អំពីដំណាក់កាលនីមួយៗនៃការរៀបចំការបោះឆ្នោត ដែលមានតាំងពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលនៃការបោះឆ្នោត និងនីតិវិធីនៃការដាក់ពាក្យបណ្តឹង ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត។

ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនថា គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ មានសិទ្ធិដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅ គ.ជ.ប ដើម្បីចូលរួមក្នុងការបោះឆ្នោត ដោយត្រូវបំពេញលក្ខខណ្ឌតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោត។ លក្ខខណ្ឌដែលតម្រូវឱ្យគណបក្សនយោបាយបំពេញ មានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា ២៧។ ចំពោះការសង្កេតការណ៍បោះឆ្នោត គ.ជ.ប នឹងអញ្ជើញភាគីអន្តរជាតិ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា។ រីឯស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គ.ជ.ប នឹងអញ្ជើញចូលរួមសង្កេតមើលការបោះឆ្នោត ជាភ្ញៀវពិសេស។

ចំពោះការបណ្តុះបណ្តាល និងការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ថ្មីៗនេះ គ.ជ.ប ទើបតែបញ្ចប់ការបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមក្នុងវគ្គនោះ មន្ត្រីបោះឆ្នោតទាំង២៥ រាជធានី ខេត្ត តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។ បន្ទាប់ពីនេះ ភាគីពាក់ព័ន្ធនឹងធ្វើការ បណ្តុះបណ្តាលជាបន្តទៀតដល់អ្នកពាក់ព័ន្ធក្នុងអង្គភាព ឬស្ថាប័នរបស់ខ្លួន។

ជាចុងក្រោយ លោក ចាស្ទីន វ៉ាយអេត បានថ្លែងអំណរគុណដល់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានជម្រាបជូនអំពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ៕