(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ បានទទួលជួបពិភាក្សាការងារជាមួយ លោក Datuk Haji Zanal Abidin Bin Jaffar នាយកប្រតិបត្តិក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធ ម៉ាឡេស៊ី Dato’ Rozali នាយកប្រតិបត្តិស្ថាប័ន ហាជ្ជីម៉ាឡេស៊ី លោក Dato’ Muhammad Bin S. Ahmad នាយកប្រតិបត្តិមូលនិធិសទើកោះម៉ាឡេស៊ី នៅវិមានសន្តិភាព ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាពឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងកម្ពុជា ម៉ាឡេស៊ី ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានបំពេញ ទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
លោក Datuk Haji Zanal Abidin Bin Jaffar នាយកប្រតិបត្តិក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី បានលើកឡើងថា ដោយកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយទទួលបាន ការស្ងើចសរសើរពី សហគមន៍អន្តរជាតិ ពីភាពរីកចំរើនគួរឲ្យកត់សំគាល់ ធ្វើឲ្យគណៈប្រតិភូមានចំណាប់អារម្មណ៍ ក៏ដូចជាការសិក្សាទៅលើលទ្ធភាព និងឱកាសវិនិយោគ នៅកម្ពុជា។
លោកបន្តថា ក្រៅពីគម្រោងវិនិយោគ គណៈប្រតិភូក៏អញ្ជើញទស្សនកិច្ចក្នុងគម្រោងមនុស្សធម៌លើគ្រប់វិស័យនៅកម្ពុជា ខណៈដែលចាប់តាំងពី ឆ្នាំ២០១៤ ពីកិច្ចសហការលើ សកម្មភាពមនុស្សធម៌ ជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសានាឥស្លាមកម្ពុជា ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ឋម៉ាឡេស៊ីបានផ្តល់ជំនួយមនុស្សធម៌នៅ កម្ពុជាចំនួន១,០៨០,៤៥៨ដុល្លារ ដែលជំនួយនេះផ្តោតទៅលើវិស័យអប់រំជាចម្បង ក្នុងនោះមានឧបត្ថម្ភអាគារសិក្សា អន្តេវាសិកដ្ឋាន ពង្រីកដីសាលារៀន ផ្គត់ផ្គត់សៀវភៅសិក្សា និងប្រព័ន្ឋអប់រំឥស្លាមស្តង់ដារម៉ាឡេស៊ី វគ្គបំពាក់បំប៉នគ្រូខ្មែរឥស្លាមរបស់ក្រសួងអប់រំយុវជននិងកីឡា សាងសង់វិហារឥស្លាម អំណោយបន្ទាប់បន្សំផ្សេងៗជាច្រើនផ្នែកថែមទៀត។
លោក អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាលកម្ពុជា បានកើតសរសើរ និងឲ្យតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី ដែលជាមិត្តដ៏ជិតស្និទ្ធជាមួយកម្ពុជា តាំងពីយូរលង់ណាស់មក ហើយ។ លោកក៏បានគាំទ្រ និងជំរុញដល់ភាគីម៉ាឡេស៊ី ឲ្យចូលមកវិនិយោគនៅកម្ពុជាខណៈដែលកម្ពុជាជាប្រទេសមានអំណោយផលលើវិស័យវិនិយោគគ្រប់ប្រភេទ កម្ពុជា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ជាមធ្យមកម្ពុជាតែងតែមានកំណើនសេដ្ឋកិច្ចប្រមាណ៧ភាគរយ ខណៈដែលប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀតបានជួបនឹង វិបត្តិសេដ្ឋកិច្ច។
លោកក៏បានកោតសើរដល់គណៈប្រតិភូម៉ាឡេស៊ី គ្រប់ស្ថាប័ន ដែលបានយកចិត្តទុកដាក់ និង តែងតែផ្តល់ជំនួយមកសហគមន៍ខ្មែរឥស្លាមគ្រប់កាលៈទេសៈចាំបាច់នានាតាមរយៈ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕