(ភ្នំពេញ)៖ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បានលើកឡើងថា ជោគជ័យក្នុងការរៀបចំ SEA GAME លើកទី៣២ របស់កម្ពុជា ធ្វើឱ្យបរទេសមួយចំនួនច្រណែននិន្ទា។

ការលើកឡើងរបស់ លោកសាស្ត្រាចារ្យ បានធ្វើឡើងបន្ទាប់ពី មានសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយរិះគន់ពាក់ព័ន្ធនឹងការរៀបចំស៊ីហ្គេម ជាពិសេសការរាប់រងទៅលើកីឡាករ និងប្រតិភូបរទេស ដែលមិនចូលរួម និងមិនមានការលក់សំបុត្រចូលទស្សនា។

លោកបណ្ឌិត រស់ ចន្ត្រាបុត្រ បានលើកឡើងដូចនេះថា «មជ្ឈដ្ឋានបរទេសចាប់ផ្តើមច្រណែននិន្ទានឹងកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំ SEA GAME លើកទី៣២ សម័យសម្តេចតេជោ។ ជាពិសេស យុទ្ធសាស្ត្រនយោបាយសម្តេច ដែលគ្មានប្រទេសណាមួយនឹកស្មានដល់គឺ កម្ពុជា-សម្តេចតេជោ លោកប៉ាវទាំងអស់,ទាំងមើល ទាំងសី ទាំងដេក ទាំងដើរលេង លើកលែងតែសំបុត្រយន្តហោះ»

លោកបណ្ឌិត រស់ ចន្ត្រាបុត្រ បានឱ្យដឹងទៀតថា «នេះជាប្រវត្តិដំបូងបំផុតរបស់ SEA GAME ដែលប្រទេសសមាជិកទាំងប៉ុន្មានមិនដែលនឹកឃើញ។ ដូចនេះហើយ គេនាំគ្នាប្រើប្រព័ន្ធផ្សព្វផ្សាយ/Media ដូចជា Bangkok post(សៀម) និង Nikkei Asia (ជប៉ុន) វាយប្រហារខ្មែរ»

បើតាម សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២​ (CAMSOC) បានឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។

ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ កម្ពុជាអនុញ្ញាតឱ្យចូលទស្សនាការប្រកួត មិនមានការលក់សំបុត្រនោះទេ ពោលគឺផ្តល់សំបុត្រចូលទស្សនាដោយមិនគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋ និងបរទេស ដើម្បីទទួលបានសប្បាយរីករាយ។ បន្ថែមពីនេះ កម្ពុជាបានរ៉ាប់រងក្នុងការចំណាយសម្រាប់ការស្នាក់នៅ និងហូបចុកផ្សេងៗសម្រាប់កីឡាករ និងប្រតិភូកីឡាប្រទេសនានា ដែលមកចូលរួមថែមទៀត៕