(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់មកពីខណ្ឌព្រែកព្នៅ ក្នុងចំណោមប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានចូលទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីបើកព្រឹត្តិការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញក្ដីរំភើបរីករាយជាខ្លាំងប្រកបដោយមោទកភាព ដែលកម្ពុជាមានឱកាសបានធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៉ីអាគ្នេយ៍មួយនេះ។

បើទោះបីទៅដល់មុនកម្មវិធីចាប់ផ្ដើម ក្រោមកម្ដៅថ្ងៃខ្លាំងយុវជនម្នាក់នេះ បានអះអាងទៀតថា កម្ដៅថ្ងៃក្ដៅមិនមែនជាឧបសគ្គសម្រាប់ការចូលទៅទស្សនាព្រឹត្តិការណ៍បើកកីឡាស៉ីហ្គេមនេះឡើយ។

លោកបន្ថែមទៀតថា អ្វីដែលធ្វើឲ្យលោកមានមោទកភាពខ្លាំងនោះ គឺកម្ពុជាធ្លាប់តែជាប្រទេសមួយធ្លាក់ក្នុងភ្លើងសង្គ្រាម ប៉ុន្ដែពេលនេះកត្ដាសុខសន្ដិភាព និងសេដ្ឋកិច្ចរីកចម្រើនទើបធ្វើឲ្យមានឱកាសបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេម ដែលយើងទាំងអស់គ្នារង់ចាំរយៈពេល៦៤ឆ្នាំមកហើយ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។