(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៉ីហ្គេម (SEA Games) លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្រោមការការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសន្តិភាព ស្ថិរភាពពេញលេញ ទើបធផ្តល់ឱកាសឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់អាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម បន្ទាប់ពីខកខានអស់រយៈ ៦៤ឆ្នាំ។
ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២នេះ ក៏បានបង្ហាញឱ្យថា សេដ្ឋកិច្ចរបស់កម្ពុជា មានការីកចម្រើនជាលំដាប់។
សម្រាប់ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ នឹងធ្វើឡើងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំបើកយ៉ាងអធិកអធម ដោយមានការចូលរួមដោយ កីឡាករជាតិ អន្តរជាតិ ប្រតិភូមកពីបណ្តាប្រទេសសមាជិក ថ្នាក់ដឹកនាំនានា តំណាងទូតនានា ក៏ដូចជាសាធារណជនដែលចូលរួមគាំទ្ររាប់ម៉ឺននាក់។
ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជាចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។ ក្នុង ៣៦ប្រភេទកីឡា មាន កីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួម ប្រភេទកីឡាសរុប មានចំនួន ៤១ប្រភេទកីឡា ក្នុង SEAGAMES លើកទី៣២នេះ៕