(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP) និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបរបាយការណ៍បេសកកម្មរបស់ក្រុមការងារគម្រោង ដើម្បីពិនិត្យវឌ្ឍនភាព និងការអនុវត្តគម្រោង H-EIQP, H-EQIP 2, CNP, CNP II, and COVID-19 ERP ដែលប្រព្រឹត្ដទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នាសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភនៃក្រសួងមហាផ្ទៃ, លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រីជាក្រុមការងារអនុវត្តគម្រោង តំណាងធនាគារពិភាពលោក និងដៃគូពាក់ព័ន្ធនានា។

លោកស្រីរដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោង បានគូសរំលេចថា គម្រោង H-EIQP, H-EQIP 2, CNP, CNP II, and COVID-19 ERP បានទទួលលទ្ធផលគួរជាទីមោទនៈ ហើយកិច្ចប្រជុំនាថ្ងៃនេះ ជាជំនួយដល់ការអនុវត្តគម្រោងឱ្យដំណើរការដោយជោគជ័យ និងទទួលបានលទ្ធផលទៅតាមផែនការគ្រោងទុក ព្រមទាំងជាធាតុចូលបន្ថែម ដើម្បីស្វែងយល់បន្ថែមពីនីតិវិធីអនុវត្តគម្រោង ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកស្រីក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា៕