(បន្ទាយមានជ័យ)៖ មន្រ្តីនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ត្រីជំនាញបានប្រតិបត្តិការ ពិនិត្យ និងបង្ក្រាបការនាំចូលជីគេចពន្ធពីប្រទេសថៃ។ សម្រាប់បញ្ហានេះ ប្រជាកសិករខ្មែរមានការខ្វះខាតការយល់ដឹងបញ្ហាទាំងអស់នេះ ប្រសិនជាការយកប្រើប្រាស់មិនបានពិនិត្យនូវប្រភេទជីកសិកម្មនេះ វានឹងបង្កឲ្យខូចខាតថវិកា ពេលវេលា វានឹងមិនអាចទទួលផលចំណេញពីផលកសិកម្មបានទេ ជាពិសេសវាបង្កឲ្យខូចដីស្រែ ចំការយើងទៀតផង។
មន្ត្រីជំនាញបន្តថា «យើងបានបង្ក្រាបបានរថយន្តនីសាន់ Camry និងគោយន្តសរុបជាង៦០គ្រឿង ដឹកជីកសិកម្មសញ្ញាក្បាលគោត្រូវគេប៉ាន់ប្រមាណ មានចំនួនរាប់សិបតោន គេចពន្ធហាមឃាត់ខុសច្បាប់ និងរំលោភកម្មសិទ្ធិបញ្ញានាំពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រករបៀងអូរជាន់គ្រប់គ្រងដោយអង្គភាពយោធាយោធភូមិភាគ៥ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនិងស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ»។
មន្រ្តីនៃមន្ទីរកសិកម្មខេត្ត បានចេញបង្រ្កាបនៅតាមផ្លូវភូមិសាស្រ្តបន្ទាត់ព្រំដែន កម្ពុជា-ថៃ កាលពីព្រឹករហូតដល់រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានជាបន្តបន្ទាប់ខណៈដែលគ្រឿងមធ្យោបាយដឹកជីកសិកម្ម ទាំងនោះបានធ្វើដំណើរបម្រុងយកទៅលក់ចែកចាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ៕