(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះក៏មានការចូលរួមជាភ្ញៀវពិសេសផងដែរដោយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ។
ព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្រ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំបើកយ៉ាងអធិកអធម ដោយមានការចូលរួមដោយ កីឡាករជាតិ អន្តរជាតិ ប្រតិភូមកពីបណ្តាប្រទេសសមាជិក ថ្នាក់ដឹកនាំនានា តំណាងទូតនានា ក៏ដូចជាសាធារណជនដែលចូលរួមគាំទ្ររាប់ម៉ឺននាក់។
ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជាចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។ ក្នុង ៣៦ប្រភេទកីឡា មាន កីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុនល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួម ប្រភេទកីឡាសរុប មានចំនួន ៤១ប្រភេទកីឡា ក្នុង SEAGAMES លើកទី៣២នេះ។
លោកបញ្ជាក់បន្ថែមថា ប្រតិភូកីឡាកម្ពុជាត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ មានចំនួនសរុប ១,២០៣នាក់ ក្នុងនោះកីឡាករ និង គ្រូបង្វឹក មន្ត្រីជំនួយបច្ចេកទេសជំនាញចំនួន ១,១៣៦នាក់។
បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាធំបំផុតនៅកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបានសំបុត្រចូលទស្សនាដោយមិនគិតថ្លៃ ខណៈអ៉ិនធើណិតត្រូវបានបំពាក់ឱ្យប្រើប្រាស់ដោយសេរី។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិន អាចផ្ទុកមនុស្សបានប្រមាណត្រឹមជាង៦ម៉ឺននាក់ប៉ុណ្ណោះ។
ថ្វីត្បិតតែកម្មវិធីបើកព្រឹត្តិការណ៍ Sea Game 32th ចាប់ផ្តើមនាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ក៏ប៉ុន្តែគណៈប្រតិភូកីឡា និងកីឡាករបរទេសមួយចំនួន ចាប់ផ្តើមចូលមកប្រទេសកម្ពុជា តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ហើយមានប្រភេទកីឡាមួយចំនួន បានដំណើរការប្រកួតជាបណ្តើរៗ ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ ដែលស្នេហាកីឡាផងដែរ។
បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ, ពិនិត្យជារួម ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ បរិយាកាសទូទៅពាក់ព័ន្ធដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ មានភាពល្អប្រសើរ ជាពិសេសការងារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ត្រូវបានយកចិត្តទុកដាក់ខ្ពស់ គិតទាំងតម្រាយផ្លូវធ្វើដំណើររបស់គណៈប្រតិភូ និងកីឡាករ-កីឡាការិនី កន្លែងស្នាក់នៅ ទីកន្លែងប្រកួត និងកន្លែងហ្វឹកហាត់សមសាកល្បង ត្រូវបានធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពទាំងស្រុង។
ស្ថានភាពដ៏ល្អប្រសើរនេះ គឺអាស្រ័យដោយ៖
១៖ ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយការច្នៃប្រឌិត រស់រវើករបស់ប្រមុខរាជរដ្ឋាភិបាល និងការចាត់ចែងរៀបចំរបស់ CAMSOC ដែលជាយន្តការដឹកនាំដ៏សំខាន់ក្នុងព្រឹត្តិការណ៍នេះ។
២៖ ការដាក់ចេញនូវផែនការ និងការដឹកនាំប្រកបដោយការឯកភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈបញ្ជាការសន្តិសុខ និងសណ្តាប់ធ្នាប់។
៣៖ កិច្ចសហការពីគ្រប់ស្ថាប័ន អង្គភាព កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចាត់តាំងអនុវត្តផែនការប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសកិច្ចខិតខំប្រឹងប្រឹងព្យាយាមរបស់កងកម្លាំងគ្រប់ថ្នាក់ គ្រប់ផែ្នកពាក់ព័ន្ធ ក្នុងកិច្ចធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ ដើម្បីការពារ និងលើកស្ទួយកិត្តិយសជាតិ។
៤៖ ការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ រាប់ទាំងការយោគយល់អធ្យាស្រ័យ ការចូលរួមគាំទ្រដល់វិស័យកីឡា មានឥរិយាបថ សេចក្តីថ្នៃថ្នូរ ដែលបានបង្ហាញឲ្យឃើញពីមោទនភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះ៕