(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភនូវសម្ភារៈវះកាត់ចោះ (Laparoscopic Surgery Instruments) ចំនួន៣ឈុត គិតជាទឹកថវិកា​សរុប ៥៧,៧១៦ដុល្លារអារិក ជូនមន្ទីរពេទ្យកាល់ម៉ែត។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ដែលអញ្ជើញចូលរួមដោយផ្ទាល់ ពីលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល, លោកស្រីវេជ្ជបណ្ឌិត ស៊ុន អារូនី កូនស្រីបង្កើតលោកទេសរដ្ឋមន្ដ្រី និងស្វាមី, លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែតជាច្រើននាក់ផងដែរ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ កន្លងមកលោក និងកូនស្រីលោក បានផ្ដល់នូវជំនួយជាសម្ភារៈពេទ្យលើផ្នែកសម្ភព និងរោគស្ដ្រី សម្ភារៈឧបករណ៍សង្គ្រោះបន្ទាន់ និងម៉ាស៊ីនចម្រោះទឹកដោយបរិកាសជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។ សម្រាប់ថ្ងៃនេះកូនស្រី ក៏បាននាំយកនូវសម្ភារៈវះកាត់ចោះចំនួន៣ឈុតទៀត ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីឆ្លើយតបនឹងតម្រូវរបស់មន្ទីរពេទ្យ។

«ដោយថ្មីៗនេះមើលឃើញថា មន្ទីរពេទ្យតម្រូវការសម្ភារៈបរិក្ខារពេទ្យសម្រាប់វះកាត់មួយចំនួន ទើបខ្ញុំបានពិភាក្សាជាមួយកូនស្រីខ្ញុំ បានទិញសម្ភារៈវះកាត់ចោះ ចំនួន៣ឈុត ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើឱ្យការវះកាត់នៅមន្ទីរពេទ្យមានភាពរីកចម្រើនមួយផ្នែកជូនប្រជាពលរដ្ឋយើង ដែលមកទទួលសេវាវះកាត់នៅទីនេះ»។ នេះតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។

លោកទេសរដ្ឋមន្ដ្រីបន្ដថា ការផ្ដល់ជូននូវសម្ភារៈបរិក្ខារពេទ្យនេះ ក៏បានផ្ដើមចេញពីទំនាក់ទំនងរបស់លោក និងកូនស្រីរបស់លោក ជាមួយមន្ទីរពេទ្យ ដែលកាលពី១០ឆ្នាំមុន ដែលសាស្ដា្រចារ្យ និងវេជ្ជបណ្ឌិតល្បីៗនៃមន្ទីរពេទ្យ បានបណ្ដុះបណ្ដាលកូនស្រីរបស់លោក មុនកូនស្រីលោកបន្ដការសិក្សានៅសាលាពេទ្យ ជាពិសេសការជួយពិនិត្យព្យាបាល និងមើលថែជំងឺរបស់ឪពុកលោកកន្លងមក។

លោកទេសរដ្ឋមន្ដ្រីបន្ដថា «នៅចុងឆ្នាំនេះ កូនខ្ញុំគ្រោងនឹងផ្ដល់ឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនលើផ្នែកសង្គ្រោះបន្ទាន់ និងដឹកនាំក្រុមគ្រូពេទ្យពីអាមេរិក មកផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយមន្ទីរពេទ្យកាល់ម៉ែតផងដែរ»

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា សម្ភារៈវះកាត់ចោះនេះ គឺជាគុណប្រយោជន៍ក្នុងផ្នែកសល្យសាស្ដ្រ ជាពិសេសការវះកាត់ចោះជូនអ្នកជំងឺ ដែលនេះជាការចូលរួមចំណែកដ៏មានតម្លៃ ក្នុងដំណើរការផ្ដល់សេវាសុខភាពសាធារណជូនប្រជាពលរដ្ឋនៅកម្ពុជា។ សមានចិត្ដដ៏ប្រពៃនេះ បានចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ស្របតាមគោលនយោបាយប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ដឹកនាំសម្រេចបាននូវសុខសន្ដិភាព និងការរីកអភិវឌ្ឍលើគ្រប់វិស័យ។

«ការជួយឧបត្ថម្ភគំាទ្រ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល និងក្រុមគ្រួសារនេះ មិនមែនលើកទី១ទេ គឺជាច្រើនលើកមកហើយ ដែលនេះជាការលើកទឹកចិត្ដ និងការចូលរួមឱ្យវិស័យសុខាភិបាលកម្ពុជា មានការរីកចម្រើន ទាំងបច្ចេកទេសសម្ភារៈ និងស្មារតី ដែលការជួយនេះមានលក្ខណៈទំនើបទាន់សម័យ ទៅតាមការវិវឌ្ឍន៍របស់ពិភពលោក ដែលបានចូលរួមចំណែកដ៏សំខាន់មួយទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល» ។នេះជាការគូសបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា។

ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា ក្នុងនាមលោក និងក្រុមគ្រូពេទ្យទាំងអស់ ក៏ដូចជាក្រុមគ្រួសារអ្នកជំងឺ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះការជួយជាបន្ដបន្ទាប់មកនេះ ពិសេសបានកោតសរសើរ ចំពោះទឹកចិត្ដដ៏សប្បុរសរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន​ ចាន់ថុល និងគ្រួសារ ៕