(ភ្នំពេញ)៖ ជម្លោះដីធ្លីពលរដ្ឋ៥៤គ្រួសារ រស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានដាក់ពាក្យបណ្តឹងតាំងពីឆ្នាំ២០១៩ បានសាទរ និងអរគុណ ចំពោះការចុះអង្កេតដល់ទីតាំងផ្ទាល់ ពីសំណាក់លោក ស៊ឹម ស៊ូយ៉ុង អនុរដ្ឋលេខាធិកាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងគណៈកម្មការជំនាញ ព្រមទាំងមានការចូលរួមពីសំណាក់លោក ឆាយ វាសនា អភិបាលរងខណ្ឌសែនសុខ អាជ្ញាធរមូលដ្ឋាន មេភូមិ នរគបាលប៉ុស្តិ៍ប្រចាំតំបន់ និងអ្នកភូមិជាច្រើននាក់។
បើទោះជាករណីទំនាស់នេះបានអូសបន្លាយជាច្រើនឆ្នាំក្តី ក៏ប្រជាជនសូមថ្លែងអំណរគុណប្រតិភូដែលបានបន្តធ្វើកិច្ចការស្រាវជ្រាវ និងស្នើសូមឱ្យជួយពន្លឿនដោះស្រាយវិវាទនេះឱ្យបានលឿន ដោយមានសំណូមពរនូវចំណុចខាងក្រោមនេះ៖
*ទី១៖ សូមរក្សាផ្លូវ ទំហំផ្លូវ ដូចដែលមានក្នុងគម្រោងដើម ដោយមិនត្រូវបិទ ឬច្រៀកយកជាកម្មសិទ្ធិឯកជននោះទេ
*ទី២៖ ស្នើឱ្យលុបចេញដីឡូត៍ ដែលមានក្បាលលេខដីថ្មីដែលបញ្ចូលថែមកំឡុងពេលចុះធ្វើប្លង់ជាប្រព័ន្ធដែលប្រកាសនាឆ្នាំ២០១៩
*ទី៣៖ ស្នើសូមឱ្យចេញប្លង់រឹងជូនប្រជាជនបានលឿន ព្រោះការចុះវាស់វែងដីនេះច្រើនឆ្នាំមកហើយ ជាពិសេសប្លង់ដែលមិនជាប់ និងដីមានជំលោះគប្បីចែកជូនប្រជាជន មិនត្រូវបង្កកទុកនោះទេ។
តាមការឱ្យដឹងរបស់អ្នកភូមិ ដីតំបន់អភិវឌ្ឍន៍របស់លោក មាស ណារិទ្ធ បានចេញលក់តាំងពីឆ្នាំ២០០១ មកម្ល៉េះ។ តមកម្ចាស់ដីឡូត៍ខ្លះ បានធ្វើប្លង់រឹងរួចរាល់ ឯអ្នកខ្លះទៀតមានតែបណ្ណកម្មសិទ្ធិ។ លុះដល់កំឡុងឆ្នាំ២០១៨ ឬ ២០១៩ ស្រាប់តែមានការកោះហៅឱ្យប្រជាជនធ្វើប្លង់ជាប្រព័ន្ធឡើងវិញ ហើយក៏ឃើញមានដីឡូត៍ថ្មីកើតឡើងលើផ្លូវសុវត្ថិភាព (ឌឿងហែម) កាត់ចំណីផ្លូវធំ ដាក់ឈ្មោះបងប្អូនរបស់ម្ចាស់គម្រោងទៅវិញ។
ជាថ្មីម្តងទៀតប្រជាជនក្នុងភូមិ សូមថ្លែងអំណរគុណសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអនុញ្ញាតឱ្យមន្រ្តីជំនាញ ស្រាវជ្រាវបន្តករណីបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៥៤គ្រួសារ។ ប្រជាពលរដ្ឋសង្ឃឹមថា ពួកគាត់នឹងទទួលបានផ្លូវ និងការអភិវឌ្ឍល្អក្នុងសហគមន៍ដើម្បីជាប្រយោជន៍សាធារណៈ និងរស់នៅដោយសុវត្ថិភាព សុខមាលភាពល្អ ក្រោមដំបូលសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕