(ភ្នំពេញ)៖ រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិតទឹកស្អាត១៩៥ពាន់ម៉ែត្រគូប បញ្ចប់ការសាងសង់១០០%ហើយ ដែលបានជួយបំពេញតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅផ្ទៃសេវាបច្ចុប្បន្ន ជាពិសេសតំបន់ជាយរាជធានីភ្នំពេញ។
យោងតាមការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា តបតាមផែនការមេដែលបានកំណត់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃរួចរាល់ហើយ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ បានជួយបំពេញតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅផ្ទៃសេវាបច្ចុប្បន្ន ជាពិសេសតំបន់ជាយរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខណ្ឌទាំង៧ នៅជាយរាជធានីភ្នំពេញ (ដង្កោ, ពោធិ៍សែនជ័យ, ផ្នែកខ្លះនៃខណ្ឌមានជ័យ, សែនសុខ, ឫស្សីកែវ, កំបូល, ២សង្កាត់នៃខណ្ឌព្រែកព្នៅ) និងក្រុងតាខ្មៅ ដែលមានសម្ពាធទឹកខ្សោយនៅម៉ោងតម្រូវការគំហុក រឺក៏គ្មានទឹកស្អាតប្រើប្រាស់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ឡើងវិញជាមួយនឹងសម្ពាធទឹកប្រសើរជាងមុន។
ចំណែកគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្ននេះ សម្រេចការសាងសង់បានជាង៧០%ហើយ និងគ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ នឹងជួយបំពេញបន្ថែមការពង្រីកផ្ទៃសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទៅតាមតំបន់ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ និងការងារពង្រីកបំពង់មេនាំទឹកត្រូវបញ្ចប់នាឆ្នាំ២០២៥ ដើម្បីបំពេញតម្រូវការទឹកស្អាតជូន ដល់ប្រជាពលរដ្ឋដែលរស់នៅភាគខាងត្បូង និងខាងជើងរាជធានីភ្នំពេញ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង (ជំហានទី១ និងទី២) ដែលមានសមត្ថភាពផលិតទឹក ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គឺបានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា រួមមានការដាក់បំពង់មេនាំទឹកខ្នាតយក្សដែលមានទំហំមុខកាត់ ២ម៉ែត្រ ប្រវែង៥៥០ម៉ែត្រ ឆ្លងកាត់ទន្លេសាប តាមរយៈបច្ចេកវិទ្យា Micro-tunneling ដែលជាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ព្រមទាំងតម្លើងបំពង់មេនាំទឹកចាប់ពីទំហំ៤០០ម.ម រហូតដល់ទំហំ ២ ០០០ម.ម ប្រវែង៨៦គីឡូម៉ែត្រ និងតម្លើងបំពង់ចែកចាយទឹកចាប់ពីទំហំ៦៣ម.ម រហូតដល់៣០០ម.ម ប្រវែង១.៥០០គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង ភាគខាងលិច ខាងត្បូង នៃរាជធានីភ្នំពេញ ក្រោមសហហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាមួយនឹងដៃគូអភិវឌ្ឍន៍ ទីភា្នក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ធនាគារវិនិយោគអឺរ៉ុប និងសហគមន៍អឺរ៉ុប»។
សូមជម្រាបថា គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហ៊ានទី១ មានសមត្ថភាពផលិតទឹកស្អាតបានមួយថ្ងៃ១៩៥០០០ម៉ែត្រគូប ត្រូវបានប្រើថវិកាសាងសង់ប្រមាណ២០០លានដុល្លារ ក្នុងនោះទទួលបានកម្ចីពីAFDចំនួន ៨៥លានដុល្លារ, ពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក៕