(ស្វាយរៀង)៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុក ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនរួមមាន៖
*ទី១៖ ឈ្មោះ ង្វៀង ឌឹកខាន់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នភូមិក្រុម២ ឃុំបេនកូវ ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
*ទី២៖ ឈ្មោះ យ៉ាញ់ ង៉ុកថយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
*ទី៣៖ ឈ្មោះ ប៉ាន់ ងៀបទឿង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
*ទី៤៖ ឈ្មោះ ត្រឹង វ៉ាន់ទឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នៅវេលាម៉ោង១០ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលជំនាញ ក្រោមការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
មន្ត្រីរាជអាវុធហត្ថបានបន្តថា វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ៨កញ្ចាប់ ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១កញ្ចប់ ស្មើនឹង២គ្រាប់ ថ្នាំគ្រាប់ពណ៌បៃតងចំនួន១កញ្ចប់ ម្សៅម៉ត់ពណ៌សចំនួន ៣៤កញ្ចប់ ម្សៅកញ្ចប់ពណ៌ខៀវចំនួន១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ៥គ្រឿង គ្រាប់អាវុធ (ខ្លី) ចំនួន១គ្រាប់ ម៉ូតូចំនួន ៤គ្រឿង ទូរស័ព្ទដៃចំនួន៩គ្រឿង លិខិតឆ្លងដែនចំនួន៣ក្បាល សម្ភារសម្រាប់វេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕