(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់រហ័ស (Fast System) ដែលជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយ សម្រាប់ផ្ទេរមូលនិធីអន្តរគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធទូទាត់រហ័ស (Fast System) នេះត្រូវបានរៀបចំឡើងនៅ អគារស៊ីធីហល នៃមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធទូទាត់រហ័ស (FAST System) ដែលជាប្រព័ន្ធទូទាត់ទំនើបថ្មីមួយ សម្រាប់ប្រតិបត្តិការផ្ទេរមូលនិធិអន្តរគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើជាប្រាក់រៀល ដែលនឹងអាចឲ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ (Real Time)។
លើសពីនេះទៅទៀតនោះ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងរួមចំណែកជំរុញការប្រើប្រាស់ប្រាក់រៀល និងការទូទាត់សងប្រាក់ ជាអេឡិចត្រូនិក ព្រមទាំងធ្វើឲ្យសកម្មភាពទូទាត់ទាំង ក្នុងវិស័យឯកជន និងរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព ឆាប់រហ័សនិងមានសុវត្ថិភាព អតិថិជនអាចទទួលបាន សាច់ប្រាក់ទាន់ពេលវេលា និងមានតម្លាភាពខ្ពស់ ដែលធ្វើឲ្យអតិថិជនកាន់តែ មានជំនឿទុកចិត្តលើសេវា និងប្រព័ន្ធធនាគារ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា៕