(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាមួយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលទទួលបន្ទុកផ្នែកឱសថ និងបរិក្ខារពេទ្យឥណ្ឌូនេស៊ី លោក ប៉ាហាឡា នូរាហា (Pahala Nugraha) នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការគ្នាឱ្យកាន់តែរឹងមាំបន្ថែម ពិសេសលើវិស័យសុខាភិបាល ផ្នែកឱសថ និងបរិកា្ខរពេទ្យ។
កិច្ចជំនួបនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអបអរសាទរ ដែលឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២៣ និងបានស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរអញ្ជើញទស្សនកិច្ចរយៈពេលខ្លី មកកាន់កម្ពុជា របស់លោកអនុរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ជាពិសេសគឺការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ ។
ជាមួយគ្នានេះលោកអនុរដ្ឋមន្ត្រីឥណ្ឌូនេស៊ី ប៉ាហាឡា នូរាហា ក៏បានសុំអធ្យាស្រ័យ លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង ដែលបានផ្តល់ដំណឹងក្នុងរយៈពេលខ្លី សម្រាប់ការជួបសម្តែងការគួរសមនេះ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើកម្ពុជា ក្នុងការពង្រឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ពិសេសលើវិស័យសុខាភិបាល ដោយផ្តោតលើផ្នែកឱសថ និងបរិក្ខារពេទ្យ ព្រោះឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានរោងចក្រផលិតឱសថច្រើន។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការនេះ តាមរយៈរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកវិស័យឯកជន និងឯកជន គឺស្រ័យទៅលើការពិភាក្សាគ្នារបស់មន្ត្រីបច្ចេកទេសជំនាញនៃប្រទេសទាំងពីរ ដែលក្រសួងសុខាភិបាលកម្ពុជាមានផ្នែកបរិក្ខារពេទ្យ និងគ្រឿងសំអាង ជាសេនាធិការសម្រាប់ការពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការនេះ៕