(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមពាក់ព័ន្ធព្រឹត្តិការណ៍ Sea Game 32th គិតពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

ឆ្លើយនឹងសំណួររបស់ Fresh News ថាតើ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមពាក់ព័ន្ធព្រឹត្តិការណ៍ Sea Game 32th រយៈពេលប៉ុន្មានថ្ងៃនេះ មានស្ថានភាពបែបណា?

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ដូចខាងក្រោម៖

«ថ្វីត្បិតតែកម្មវិធីបើកព្រឹត្តិការណ៍ Sea Game 32th នឹងចាប់ផ្តើមនាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ក៏ប៉ុន្តែគណៈប្រតិភូកីឡា និងកីឡាករបរទេសមួយចំនួន ចាប់ផ្តើមចូលមកប្រទេសកម្ពុជា តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ហើយមានប្រភេទកីឡាមួយចំនួន បានដំណើរការប្រកួតជាបណ្តើរៗ ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន ជាតិ និងអន្តរជាតិ ដែលស្នេហាកីឡាផងដែរ។

ពិនិត្យជារួម ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ បរិយាកាសទូទៅពាក់ព័ន្ធដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ មានភាពល្អប្រសើរ ជាពិសេសការងារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ត្រូវបានយកចិត្តទុកដាក់ខ្ពស់ គិតទាំងតម្រាយផ្លូវធ្វើដំណើររបស់គណៈប្រតិភូ និងកីឡាករ-កីឡាការិនី កន្លែងស្នាក់នៅ ទីកន្លែងប្រកួត និងកន្លែងហ្វឹកហាត់សមសាកល្បង ត្រូវបានធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពទាំងស្រុង។

ស្ថានភាពដ៏ល្អប្រសើរនេះ គឺអាស្រ័យដោយ៖

១៖ ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយការច្នៃប្រឌិត រស់រវើករបស់ប្រមុខរាជរដ្ឋាភិបាល និងការចាត់ចែងរៀបចំរបស់ CAMSOC ដែលជាយន្តការដឹកនាំដ៏សំខាន់ក្នុងព្រឹត្តិការណ៍នេះ។

២៖ ការដាក់ចេញនូវផែនការ និងការដឹកនាំប្រកបដោយការឯកភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈបញ្ជាការសន្តិសុខ និងសណ្តាប់ធ្នាប់។

៣៖ កិច្ចសហការពីគ្រប់ស្ថាប័ន អង្គភាព កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចាត់តាំងអនុវត្តផែនការប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសកិច្ចខិតខំប្រឹងប្រឹងព្យាយាមរបស់កងកម្លាំងគ្រប់ថ្នាក់ គ្រប់ផែ្នកពាក់ព័ន្ធ ក្នុងកិច្ចធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ ដើម្បីការពារ និងលើកស្ទួយកិត្តិយសជាតិ។

៤៖ ការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ រាប់ទាំងការយោគយល់អធ្យាស្រ័យ ការចូលរួមគាំទ្រដល់វិស័យកីឡា មានឥរិយាបថ សេចក្តីថ្នៃថ្នូរ ដែលបានបង្ហាញឲ្យឃើញពីមោទនភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។

ក្នុងនាម គណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់សមាសភាព និងសកម្មភាពនៃការចូលរួមប្រដោយឆន្ទៈ និងមនសិការស្នេហាជាតិស្នេហាវិស័យកីឡា និងសំណូមពរដល់គ្រប់សាធារណជន ជាតិ និងអន្តរជាតិ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចូលរួមរក្សានូវប្រពៃណី វប្បធម៌ដ៏បវរថ្លៃថ្លានេះ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាយើង ដំណើរការទៅដោយរលូន សុខសុវត្ថិភាព និងទទួលបានជោគជ័យ រួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»៕