(ភ្នំពេញ)៖ លោក គៀន ពន្លក អតីតប្រធានការិយាបណ្តុះបណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិ បានទម្លាយថា នៅឆ្នាំ២០១៣ មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ព្រោះតែចង់ដណ្តើមយកអំណាចគ្រប់គ្រងរដ្ឋ ទើបនាំគ្នាបំភ្លៃ និងចោទប្រកាន់ថាការ បោះឆ្នោតមិនត្រឹមត្រូវ ហើយបញ្ឆេះកំហឹងឱ្យអ្នកគាំទ្រខ្លួនធ្វើចលនាតវ៉ា និងធ្វើបាតុកម្មជាដើម។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ គេនៅចាំបានថា កាលនោះអតីតគណបក្សសង្គ្រោះជាតិ ដែលជាបណ្តុំបក្ស សម រង្ស៉ី និងសិទ្ធិមនុស្ស ទទួលបានកៅអីក្នុងរដ្ឋសភាចំនួន៥៥។ ប៉ុន្តែពួកគេមិនព្រមទទួលយកលទ្ធផលនេះឡើយ ហើយនាំគ្នាបង្កើតការចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា លួចបន្លំសន្លឹកឆ្នោតរបស់ខ្លួន។ មិនត្រឹមតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប៉ុណ្ណោះទេ ពួកគេបានញុះញង់ និងកៀរគរអ្នកគាំទ្រធ្វើបាតុកម្មតវ៉ានៅទីលានប្រជាធិបតេយ្យចាស់ និងដើរក្បួនតវ៉ានៅតាមដងផ្លូវនានាជាដើម។ ការតវ៉ា និងការធ្វើបាតុកម្មរបស់ពួកគេបានអូសបន្លាយអស់រយៈពេលជាច្រើនខែ រហូតមានផ្ទុះហិង្សានៅលើ ផ្លូវវេងស្រេងថែមទៀតផង។
លោក គៀន ពន្លក ជាសមាជិកសកម្មមួយរូបរបស់អតីតបក្សសង្គ្រោះជាតិ បានទម្លាយថា នៅមុនពេលបោះឆ្នោតមានការស្ទង់មតិមួយរកឃើញថា បក្សសង្គ្រោះជាតិ ពេលនោះអាចទទួលអាសនៈសភាចន្លោះពី ៤០ ទៅ ៤៥អាសនៈប៉ុណ្ណោះ។ នៅពេលលទ្ធផលបោះឆ្នោតចេញមកបានរហូតដល់ទៅ ៥៥អាសនៈ មេដឹកនាំបក្ស សង្គ្រោះជាតិ ពេលនោះមានការរីករាយជាខ្លាំង។ តែដោយមហិច្ឆតាដ៏អាក្រក់ ពួកគេ ធ្វើជាមិនទទួលស្គាល់លទ្ធផលឆ្នោតនោះ ហើយរៀបចំកម្លាំងអ្នកគាំទ្រតវ៉ា ប៉ុនប៉ងដណ្តើមអំណាចដោយខុសច្បាប់។
លោក គៀន ពន្លក បានគូសរំលេចថា បើមេដឹកនាំបក្សសង្គ្រោះជាតិពេលនោះ មាន ជំហរប្រឆាំងនឹងការបោះឆ្នោតមែននោះ មិនមែនចុងក្រោយគេយល់ព្រមទទួលយកអាសនៈ និងចរចាតំណែងនានា ជាមួយបក្សកាន់អំណាចនោះឡើយ។
បើតាមលោក គៀន ពន្លក បានឱ្យដឹងថា នយោបាយបោកប្រាស់ទឹកចិត្តរបស់មេដឹកនាំបក្សសង្គ្រោះជាតិនាពេលនោះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រជាខ្លាំង បោកប្រាសពួកគេឱ្យមកធ្វើបាតុកម្មរងគ្រោះថ្នាក់ និងជាប់ពន្ធនាគារជាដើម ចុងក្រោយបែរជាចរចាជាមួយបក្សកាន់អំណាច ដើម្បីបានតំណែងក្នុងសភា។
បើទោះបីជាយ៉ាងណា ក្រឡេកទៅពេលនោះវិញ លោក គៀន ពន្លក បានថ្លែងអំណរគុណសម្រាប់វិធានការរបស់រាជរដ្ឋាភិបាល។ សម្រាប់លោក ពន្លក បើគ្មានចំណាត់ការ និងវិធានការបង្ក្រាប និងទប់ស្កាត់ចលនានាពេលនោះទេ មិនដឹងថា នឹងជួបគ្រោះថ្នាក់បែបណានោះឡើយ?