(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះថា ក្រោយពីបើកិច្ចប្រជុំគ្នាប្រមាណជាជិត ២ម៉ោង បានសម្រេចអនុញ្ញាតឲ្យការដង្ហែសពលោក កែម ឡី ពីវត្តចាស់ ទៅស្រុកកំណើតក្នុងខេត្តតាកែវ ធ្វើឡើងជាក្បួនរថយន្ត តែមិនអនុញ្ញាតឲ្យដង្ហែថ្មើរជើងនោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការមិនអនុញ្ញាតឲ្យដង្ហែថ្មើរជើង ដើម្បីរក្សាសណ្តាប់ធ្នាប់ និង សន្តិសុខ ក្នុងរាជធានីភ្នំពេញ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងដែរ។
អភិបាលរងរាជធានីភ្នំពេញ បានបន្តទៀតថា នៅក្នុងពិធីដង្ហែសពលោក កែម ឡី ក៏មានការដាក់ម្លាំងអាជ្ញាធរនៅតាមបណ្តាផ្លូវដង្ហែផងដែរ ចាប់ពីវត្តចាស់ រហូតដល់ជាយរាជធានីភ្នំពេញ។ បន្ទាប់ពីក្បួនដង្ហែរំកិលចេញផុតពីជាយរាជធានីភ្នំពេញហើយនោះ សាលារាជធានីភ្នំពេញ ក៏បានចាត់កម្លាំងប្រចាំនៅតាមបណ្តោយផ្លូវទៅកាន់ខេត្តតាកែវ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខបន្តទៀត រហូតដល់គោលដៅ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានអំពាវនាវយ៉ាងទទូចសុំឲ្យប្រជាពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យ ចំពោះការមិនអនុញ្ញាតឲ្យមានការដង្ហែថ្មើរជើង នៅក្នុងពិធីដង្ហែសពលោក កែម ឡី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។ លោក ក៏ស្នើកុំឲ្យជនឱកាសនិយមឆ្លៀតយកឱកាសដ៏ក្រៀមក្រំនេះ មកគេងចំណេញនយោបាយ ពីព្រោះអាចធ្វើឲ្យវិញ្ញាណក្ខន្ធ លោក កែម ឡី មិនអាចទៅកាន់សុគិតភព។
តាមការគ្រោងទុកសពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយរំពឹងថា នឹងមានអ្នកចូលរួមដង្ហែយ៉ាងច្រើន។ យ៉ាងណាក៏ដោយគ្រួសារលោក កែម ឡី នៅមិនទាន់ច្បាស់ថា នឹងបញ្ចុះថ្ងៃណាឡើយទេ តែអ្នកគាំទ្រលោក កែម ឡី នៅតែទទូចស្នើសុំឲ្យគ្រួសារសពបន្តរក្សាសពលោក កែម ឡី ឲ្យបានយូរ ដើម្បីប្រជាពលរដ្ឋ ដែលគោរពស្រឡាញ់លោក កែម ឡី អាចចូលរួមអុជធូប និង គោរពវិញ្ញាណក្ខន្ធ។
សូមបញ្ជាក់ថា លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងបញ្ហានយោបាយផងនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ពេលរូបលោកកំពុងចូល ផឹកកាហ្វេនៅក្នុងស្តាម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅជាប់ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើង ដែលប្រើរហស្សនាម «ជួប សម្លាប់» ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាមចាប់បានភ្លាមៗ នៅតាមវិថីព្រះសុធារស ជិតវត្តស្វាយពពែ ក្នុងខណ្ឌចំការមន ពេលជនដៃដល់មានស្រុកកំណើតក្នុងខេត្តសៀមរាបរូបនេះ ព្យាយាមរត់គេចខ្លួន៕