(សៀមរាប)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរ​មីរ៉ាខល ខេត្តសៀមរាប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជា​ប្រ​ធាន​សហព័ន្ធខ្មែរកីឡាទោចក្រយាន បានជប់លៀងស្វាគមន៍ ជូនដល់ប្រតិភូ គ្រូ​បង្វឹ​ក កីឡាករ-កីឡាការិនី មុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ​២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈកម្មាធិការ​ប្រតិ​បត្តិសហព័ន្ធខ្មែរកីឡាទោចក្រយាន, លោក លោកស្រី ប្រធាន អនុប្រធាន សមា​ជិក​ក្រុមប្រឹក្សាខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈ​អភិ​បាលខេត្តសៀមរាប, លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញ​ខេត្តសៀមរាប, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយស​ជាតិ-អន្តរជាតិ, មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ, ប្រតិភូ គ្រូបង្វឹក កីឡា​ករ-កីឡាការិនី និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមន្សរីករាយ​ក្នុងការ​ចូល​រួម​ជាអធិបតីក្នុងពិធី ជប់លៀងស្វាគមន៍ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មន្ត្រី​គណៈ​កម្មការបច្ចេកទេសជាតិ និងអន្តរជាតិ នៃបណ្តាប្រទេសទាំងអស់ ដែល​បានមកចូលរួមការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី​អាគ្នេយ៍​លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡា​ទោចក្រ​យាន លោករដ្ឋមន្ត្រី បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ និងសូមសម្តែង​នូវ​ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និង​ក្រុមការងារនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត» ដែលបានខិតខំសហការ​គ្នាយ៉ាងជិត​ស្និទ្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះ ដែលនឹងចាប់​ផ្តើមពីថ្ងៃ​ទី៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ស្រស់បវរ និងជាតំ​បន់​អេកូទេសចរណ៍ វប្បធម៌ ដ៏ល្បីរន្ទឺរពាសពេញសកលលោក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈ​ប្រតិ​ភូដឹកនាំ ក្រុមកីឡាទោចក្រយានតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតនាពេលនេះ ដែល​ជា​ឱកាសដ៏ល្អ ក្នុងការបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការកសាងមិត្តភាព សាម​​គ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ សម្រាប់ផលប្រយោជន៍រួម តាម​រយៈ​ការ​ផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងការយល់ដឹង រវាងគ្នាទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា ពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ «ឈ្នះ-ឈ្នះ» ដើម្បី​បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងផ្តល់ឱ្យកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។ បើគ្មានសុខ​សន្តិភាពទេនោះ យើងក៏នឹងមិនមានឱកាសរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈ​សំខាន់​ជាប្រវត្តិសាស្ត្របានឡើយ, ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើស​ពាក្យ​ស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា «កីឡារស់ក្នុងសន្តិភាព»។

លោករដ្ឋមន្ត្រី បន្តថា «សន្តិភាពពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន។ ប្រជាជនលើ​សកល​​លោកទាំងមូលពិតជាត្រូវការសុខសន្តិភាព។ មានសន្តិភាព គឺមានការអភិវឌ្ឍ​លើ​គ្រប់វិស័យ»

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែល​បាន​ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការទទួលខុស​ត្រូវ​ខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ ត្រឹមត្រូវ គោរពតាមបទដ្ឋានបច្ចេកទេស ឈរលើគោលការណ៍មិនលម្អៀង ដែល​នឹងធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ​តាម​ការរំពឹង​ទុក។

សូមជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ពីគ្រប់បណ្តាប្រទេស​ទាំងអស់នូវការចូលរួម​ដោយ​ឥតគិតថ្លៃ ទាំងការចូលទស្សនាការប្រកួត ការផ្សព្វផ្សាយការប្រកួត ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន៕