(សៀមរាប)៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសួរសុខ​ទុក្ខ និងសំណេះសំណាលជាមួយលោក លោកស្រី ជាគ្រូបង្វឹក និងកីឡាករ-កីឡា​ការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន។ ពិធីនេះ មានការអញ្ជើញចូលរួមពី រដ្ឋ​លេ​ខា​ធិការ, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា, ទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម, លោក នូ ចំរើន អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន, លោក ភឿន គីមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប, លោកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃ សហព័ន្ធខ្មែរកីឡាទោចក្រយានជាច្រើនរូប។

ក្នុងនាមជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន លោករដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី សមាជិកនៃ​ក្រុម​ការងារ លោក លោកស្រី ជាគ្រូបង្វឹក ព្រមទាំងក្មួយៗជាកីឡាករ-កីឡាការិនី នៃ​សហ​ព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា​ស្មារតី ក្នុងការរៀបចំ ចាត់ចែងគ្រប់បែបយ៉ាង រួមមាន៖ ការចាត់ចែងកិច្ចការទូទៅ ការទំនាក់ទំនង ការចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការស៊ីហ្គេមកម្ពុជា (CAMSOC) ការបញ្ជារទិញឧបករណ៍ គ្រឿងបន្លាស់ និងសម្ភារៈចាំបាច់មួយចំនួន ការរៀបចំទីលានប្រកួតស្របតាមបទដ្ឋានបច្ចេកទេស និងការបំពាក់បំប៉នហ្វឹកហាត់ ត្រៀមដើម្បីចូលរួមប្រកួតដ៏ស្រួចស្រាវនាពេលដ៏ខ្លីខាងមុខនេះ តាមផែនការដែលបានគ្រោងទុក។

លោករដ្ឋមន្ត្រី បន្តថា យោងតាមរបាយការណ៍របស់ លោក នូ ចំរើន អគ្គលេខាធិកា​រ​សហព័ន្ធ បានបង្ហាញថាមានកីឡាករ កីឡាការិនីចំនួន ៨ប្រទេស មកចូលរួមការ​ប្រកួត​នាពេលខាងមុខនេះ ហើយបើគិតរួមទាំងកម្ពុជាជាម្ចាស់ផ្ទះទៀត គឺមាន​ចំនួន​៩ប្រទេស ដែលសរុបប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់មាន ចំនួន ៣០៤នាក់។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួត​ប្រកប​ដោយក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីជៀសវាងខូចកេរ្តិ៍ឈ្មោះប្រទេស ខូចកេ​រ្តិ៍​ឈ្មោះ​​ពូជពង្សខ្មែររបស់យើង ដោយមិនមែនជ័យជម្នះ ឬមេដាយដែល​បានមក​ពី​ការ​បំពារបំពាន ឬការប្រកួតមិនត្រឹមត្រូវនោះឡើយ។ ម៉្យាងវិញទៀត ដោយសារ​តែនៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតនាពេលខាងមុខនេះ យើងក៍នឹងមានការចូលរួមត្រួតពិនិត្យ វាយ​តម្លៃ និងកាត់សេចក្តីពីសំណាក់មន្ត្រីបច្ចេកទេសអន្តរជាតិផងដែរ ដូច្នេះ​សូម​ក្មួយៗ កីឡាករ-កីឡាការិនីទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព និង​ខិត​ខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីធ្វើការប្រកួតឱ្យបានត្រឹមត្រូវ និងអស់ពីសមត្ថភាព ជាពិសេសគឺបង្ហាញនូវភាពអស្ចារ្យរបស់អត្តពលិកខ្មែរយើង ដែលជា​ពូជខ្មែរអង្គរ​ដ៏ល្បី​ល្បាញតាំងពីយូរលង់ណាស់មកហើយ។ បើចាញ់គឺចាញ់ដោយអស់ចិត្ត ហើយបើឈ្នះគឺឈ្នះដោយកិត្តិយស»

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗ កីឡា​ករ-កីឡាការិនី របស់យើងនឹងខិតខំព្យាយាមបញ្ចេញឱ្យអស់់នូវបច្ចេកទេស និង​ទេព​កោសលទាំងឡាយដែលបានហ្វឹកហាត់កន្លងមក ដើម្បីដណ្តើមមេដាយ​ជូនជាតិ​ឱ្យ​បាន ព្រោះវាជាកិត្តយសធំធេងណាស់ ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់​ផ្ទះក្នុង​ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំធេង និងមានសារៈសំខាន់នាពេលនេះ។

ក្នុងនាមប្រធានគណ:កម្មការរៀបចំ លោករដ្ឋមន្ត្រី បានដោះស្រាយរាល់សំណូមពរ និងតម្រូវការផ្សេងៗតាមការចាំបាច់ជាក់ស្តែង ក្នុងនោះរួមមាន៖ ថវិកាដើម្បីជួយ​ព្យា​បាលកីឡាករដែលមានជំងឺ, ថវិកាផ្គត់ផ្គង់ប្រចាំខែដើម្បីជួលទីតាំងស្នាក់នៅ និងបោះ​ជុំរុំហ្វឹកហាត់, ថវិកាដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងថវិកាដើម្បីទិញសម្ភារៈ គ្រឿងបន្លាស់មួយចំនួនទៀតសម្រាប់បម្រើការប្រកួត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួនជូន គ្រូបង្វឹក និងកីឡា​ករ- កីឡាការិនីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះលោក លោ​កស្រី ព្រម​ទាំងកីឡាករ- កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ​ចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់ចែងរៀបចំ និងការបំពាក់​បំប៉ន​ហ្វឹកហាត់កីឡាករ-កីឡាការិនីជាប្រចាំ តាំងពីដើមរហូតមកទល់ពេលនេះ ដើម្បី​ធ្វើឱ្យព្រឹត្តិ ការណ៍ប្រកួតជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបាន​ជោគ​ជ័យត្រចះត្រចង់តាមការរំពឹងទុក។

សូមជម្រាបជូនថា ព្រឹតិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ដែលនឹង​លើក​មុខមាត់កម្ពុជា ឱ្យកាន់តែមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែលសម្តេច គឺជាឥស្សរជនកំពូល ដែលត្រូវបានទទួលស្គាល់ និងគោរពកោ​ត​សរសើរស្ញប់ស្ញែងទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែងព្រឹត្តិការណ៍កីឡាស៊ី​ហ្គេម​លើកទី៣២ ឆ្នាំ២០២៣នេះ គឺយើងបានដាក់ចេញនូវពាក្យស្លោកថា «កីឡារស់​ក្នុង​សន្តិភាព» នេះបញ្ជាក់ថា បើគ្មានសុខសន្តិភាពនោះទេ កម្ពុជាក៏នឹង​មិន​មាន​ឱកាស​ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា​ដ៏មានសារៈសំខាន់​ជា​ប្រវត្តិសាស្រ្តនេះដែរ៕