(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ដោយបានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន១,០៦៧អង្គ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្ដីរាជការមកពីមន្ទីរអង្គភាព ព្រះសង្ឃ តាជី យាយជី ប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស និងពុទ្ធបរិស័ទក្នុងខេត្តបាត់ដំបងជាច្រើនរូបចូលរួមយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា វិសាខបូជា គឺជាពិធីបុណ្យជាតិមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។

ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបីខាងលើនេះ គឺបានកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី តែមួយ ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ៕