(សៀមរាប)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ជាភរិយា នាយទាហានកងទ័ពជើងអាកាស ក្រុមការងារស្រុកសូទ្រនិគម រួមនិងព្រះសង្ឃជាច្រើនអង្គ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រារព្វពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលព្រះបរិនិព្វាន។ ពិធីនេះធ្វើឡើងនៅវត្តឈូកត្រសាលរស្មីមានជ័យ ស្ថិតនៅក្នុងភូមិបុស្ស ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ព្រះតេជគុណ ពៅ ផល្លី ព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ បាននិមន្តមានសង្ឃដីការលើកឡើងនាឱកាសនោះឱ្យដឹងថា ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធព្រឹត្តិការណ៍ទាំងនោះ គឺការប្រសូត្រ ការត្រាស់ដឹង ការយាងចូលព្រះបរិនិព្វាន។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។
លោកបណ្ឌិត សឹង សំណាង បានថ្លែងនូវក្តីរីករាយក្នុងឱកាសបានចូលរួមប្រារព្វពិធីបុណ្យវិសាខបូជា និងបំបួសនាគចំនួន ៥៣អង្គ ដែលជាកុលបុត្ររបស់ប្រជាពលរដ្ឋក្នុងឃុំខ្នារពោធិ ហើយនេះបង្ហាញឱ្យឃើញពីសិទ្ធិសេរីភាពក្នុងការជួបជុំគ្នាប្រារព្វពិធីបុណ្យតាមបែបសាសនាក្រោមបរិយាកាសសុខសន្តិភាព ។
លោកបណ្ឌិត បានជម្រាបជូនពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការនាំមកនូវសន្តិភាព ការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃ ពិសេសបាននាំប្រទេសជាតិចាប់តាំងពីបាតដៃទទេ ឆ្លងកាត់ការលំបាករាប់មិនអស់រហូតមកទល់ពេលបច្ចុប្បន្ននេះមានសន្តិភាព និងអាចកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម មន្ទីពេទ្យ...។
លោកបណ្ឌិត បានថ្លែងសរសើរប្រជាពលរដ្ឋនៅឃុំខ្នារពោធិ៍ ដែលមានការជឿជាក់យ៉ាងមុតមាំលើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនជឿលើការញុះញង់ពីសំណាក់ពួកអមិត្ត និងពួកប្រឆាំងហើយនាំគ្នាខិតខំប្រឹងប្រែងបង្ករបង្កើនផល កសាងភូមិឃុំរឹងមាំលើគ្រប់វិស័យ។
លោកបណ្ឌិតឧត្តមសេនីយ៍ បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ ត្រូវខិតខំបំពេញ សេវាជូនប្រជាពលរដ្ឋ និងកំចាត់ចោលនូវបទល្មើសគ្រប់ប្រភេទ ខិតខំដោះស្រាយរាល់វិវាទនៅក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។
លោកបណ្ឌិតបានសង្ឃឹមជឿជាក់ប្រជាពលរដ្ឋឃុំខ្នារពោធិនឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីសិទ្ធិសេរីភាព និងការសំដែងមតិរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិរបស់។
ឆ្លៀតក្នងឱកាសនោះលោកបណ្ឌិតនាយឧត្តមសេនីយ៍ និងលោកស្រី បានប្រគេនបច្ច័យ និងទេយ្យវត្ថុ ចំពោះព្រះសង្ឃ និងជូនថវិកាជូនលោកតា និងដូនជី រួមទាំងគ្រូបង្រៀននិងសិស្សសាលាផងដែរ៕