(សៀមរាប)៖ លោកបណ្ឌិតនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ជាភរិយា បានអញ្ជើញ​សម្ពោធឧប្បដ្ឋានសាលា និងពុទ្ធាភិសេកពុទ្ធរូប សម្រាប់ប្រជាពុទ្ធបរិស័ទ​នៅភូមិ​សំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប គោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ពិធីនេះ បានប្រារព្ធធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីនាយទាហានកងទ័ពជើងអាកាស និង​ភរិយា អាជ្ញាធរដែនដីស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋចំនួន ៥០០នាក់។

នាយឧត្តមសេនីយ៍ សឹង សំណាង នៅក្នុងឱកាសនោះ បានថ្លែងសំណេះសំណាល និងជម្រាបជូនពីការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​អគ្គពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលលោកតែងនឹករលឹក និងខ្វល់ខ្វាយសុខទុក្ខរបស់​ប្រជាពល​រដ្ឋ​នៅទូទាំងប្រទេស ។

លោកបណ្ឌិត សឹង សំណាង បានរំលឹកថា កាលពី ៤៥ឆ្នាំមុន ប្រជាពលរដ្ឋនៅ​ទី​នេះ​ត្រូវបានរបបខ្មែរក្រហមបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង​រាប់ទាំងសិទ្ធិធ្វើ​បុណ្យ​ទាន សិទ្ធិគោរព និងជំនឿសាសនា ការជួបជុំគ្នាប្រារព្វពិធីបុណ្យសាសនា និងចាប់​ព្រះសង្ឃផ្សឹកជាដើម។

«ឥឡូវនេះប្រជាពលរដ្ឋមានសេរីភាពសព្វបែបយ៉ាង ដូចជាក្នុងពេលនេះយើងទាំ​ង​អស់គ្នាបានប្រារព្វពិធីសម្ពោធឧប្បដ្ឋានសាលា តាមគន្លងប្រពៃណី។ ប្រការសំខាន់​យើង​កំពុងរស់នៅក្រោមស្ថានភាពសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យើងត្រូវ​តែ​ប្តូរ​ផ្តាច់ការពារសន្តិភាព ស្ថេរភាពសង្គម ហើយត្រូវចាំទុកថា សន្តិភាពមិនមែន​រកបាន​ដោយងាយនោះទេ»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សឹង សំណាង។

លោកបណ្ឌិត សឹង សំណាង បានគូសរំលេចថា ការចាប់ផ្តើមរបស់កម្ពុជាមិនមែន​ជារឿង​ងាយស្រួលនោះឡើយ។ កម្ពុជាត្រូវចាប់ផ្តើមពីចំណុចសូន្យទាំងអស់ ព្រោះ​សង្គមនេះ ត្រូវបានរបបប្រល័យពូជសាសន៍បំផ្លេចបំផ្លាញគ្មានសល់អ្វី​ទាំង​អស់។

លោកបណ្ឌិត បានគូសបញ្ជាក់បែបនេះ «ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាអ្នក​គូសវាសយុទ្ធសាស្ត្របញ្ចប់សង្គ្រាមដ៏រ៉ាំរៃ បង្កើតបានសន្តិភាពពេញលេញ និង​ឯក​ភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តគោល​នយោបាយ​ឈ្នះ-ឈ្នះ ប្រកបដោយជោគជ័យ។ សមិទ្ធិផលក្នុងថ្ងៃនេះ គឺជាអំណោយផល ដែលកើតចេញពីសុខសន្តិភាព ហើយតម្លៃនៃសន្តិភាពបានផ្តល់នូវគុណប្រយោជន៍ យ៉ាងច្រើនជូនដល់កម្មករ កម្មការិនី អ្នកវិនិយោគទុន មន្ត្រី រាជការ កងកម្លាំង ប្រដាប់អាវុធ នគរបាល ការកសាងហេដ្ឋារចនាសម្ព៍ន្ធ ផ្លូវថ្នល់ ស្ពាន...»