(ភ្នំពេញ)៖ រដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើភេរវកម្មដ៏ព្រៃផ្សៃបំផុត ដែលភេវរករបើករថយន្ត ដឹកទំនិញបុករះបណ្តាល ប្រជាពលរដ្ឋចម្រុះជាតិសាសន៍ នៅក្នុងទីក្រុងនីស ប្រទេសបារាំង ស្លាប់ ៨៤នាក់ និងជាង ១០០នាក់ផ្សេងទៀតរងរបួស។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃរដ្ឋសភាកម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើភេវរកម្មដ៏ព្រៃផ្សៃបំផុតនេះ ហើយសូមចូលរួមរំលែកទុក្ខជាមួយ នឹងគ្រួសារជនរងគ្រោះទាំងអស់ និងជនជាតិបារាំងនៅទូទាំងពិភពលោក»។
សូមជម្រាបថា នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងទៀបភ្លឺថ្ងៃទី១៥ ខែកក្កដា ម៉ោងនៅប្រទេសកម្ពុជា បុរសជនជាតិទុយនេស៊ីម្នាក់ បានបើករថយន្តធន់ធំ មួយគ្រឿង បុកចូលហ្វូងមនុស្ស ដែលកំពុងមើលការបាញ់កាំជ្រួច អបអរសាទរបុណ្យជាតិរបស់ពួកគេ នៅលើផ្លូវមួយក្នុងទីក្រុងនីស។ ទោះជាយ៉ាងណាបុរស ដែលបើករថយន្ត បុករះលើហ្វូងមនុស្ស ជាជនជាតិទុយនេស៊ី កាត់បារាំង វ័យប្រមាណ ៣១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ភ្លាមៗផងដែរ៕