(កណ្តាល)៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សា និងលោក ចាន់ តារា រួមទាំងថ្នាក់ដឹកនាំ នៃក្រុងអរិយក្សត្រទើបបង្កើតថ្មី បានប្ដេជ្ញាបម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងយកសមត្ថភាពដែលមានមកអនុវត្តន៍ ឱ្យអស់ពីចិត្ត សំដៅប្រសិទ្ធភាពការងារប្រកបដោយគុណភាព និងគុណធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋ។
លោកបានបានប្តេជ្ញាបែបនេះ នៅក្នុងពិធីប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការលោក ចាន់ ដារ៉ា ជាអភិបាលក្រុងអរិយក្សត្រ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា ពេលបានតំណែងហើយ ត្រូវចេះដាក់ខ្លួនឥរិយាបថល្អចំពោះមន្ត្រីក្រោមឱវាទ និងពិសេសទៅចំពោះប្រជាពលរដ្ឋ ដោយប្ដេជ្ញា និងដឹងខ្លួនថា ជាអ្នកបម្រើរាស្ត្រមិនតាំងខ្លួនជាចៅហ្វាយរាស្ត្រទេ ហើយត្រូវបម្រើសេវាជូនពួកគាត់ឱ្យល្អ ត្រូវធ្វើយ៉ាងណាឱ្យពួកគាត់ពេញចិត្ត ពេញថ្លើម។
លោក គង់ សោភ័ណ្ឌ បានជំរុញដល់អភិបាលក្រុង-ស្រុក ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល ថ្នាក់លើ និងធ្វើជាគំរូដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមលើសនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។
អភិបាលខេត្តបានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងប្រទេសជាតិតាំងពីបាតដៃទទេមករហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងមានភាពល្បីរន្ទឺទូទាំងសកលលោក ដូច្នេះសូមមន្ត្រីមូលដ្ឋាន ត្រូវតាំងចិត្ត តាំងស្មារតីខ្លួនឱ្យល្អ ក្នុងការបម្រើដល់ប្រជាពលរដ្ឋ កុំឱ្យមានការថ្នាំងថ្នាក់ មានបញ្ហាត្រូវដោះស្រាយឱ្យបានល្អ ជាពិសេសត្រូវធ្វើយ៉ាងណាបង្កើនការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលឱ្យបានកាន់តែខ្លាំងឡើងៗ៕