(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី និងក្រុមការងារថ្នាក់ខេត្ត ព្រមមន្ត្រីរាជការទាំងអស់ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់ព្រះពុទ្ធសាសនា ពីការប្រសូត្រ ការត្រាស់ដឹង និងការចូលនិព្វាន នៅវត្តឥន្ទ្រីយ៍សវរ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លើកឡើងនាឱកាសនោះលោក ងួន រតនៈ បានឱ្យដឹងថា ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធព្រឹត្តិការណ៍ទាំងនោះគឺ ការប្រសូត ការត្រាស់ដឹង ការចូលនិព្វាន។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។
លោកបន្តទៀតថា ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជចំនួន៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ។ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម៨០ព្រះវស្សា រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល២៥៦១ឆ្នាំហើយ។
លោក ងួន រតនៈ ក៏បានជំរុញលើកទឹកចិត្តដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ សូមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រះពុទ្ធសាសនា កើតចេញពីការខិតខំប្រព្រឹត្តតែអំពើល្អដើម្បីបានអានិសង្ឃ បានទៅជាតិខាងមុខ និងអប់រំដល់កូនចៅបន្ថែមទៀត ឲ្យចេះធ្វើបុណ្យនិងសន្សំកុសល សម្រាប់ឲ្យជីវិតប្រកបដោយព្រហ្មវិហារធម៌៕