(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះជួយអន្តរាគមន៍ភ្លាមៗ ចំពោះគ្រោះអគ្គិភ័យបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋភ្លាមៗ នៅវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៦រួចមក លោក អ៊ាង ស៊ីផាន ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ អមដំណើរដោយក្រុមកាកបាទក្រហម សង្កាត់-ភូមិ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយឧបត្ថម្ភគ្រួសាររងគ្រោះអគ្គិភ័យចំនួន២គ្រួសារនៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង។
លោក អ៊ាង ស៊ីផាន បានសម្តែងការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលកើតឡើង និងបានអំពានាវដល់ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះភ្លើងចង្រ្កាន ទាន ធូប និងប្រព័ន្ឋភ្លើង អគ្គិសនី ព្រោះវានឹងងាយកើត ឡើងនូវគ្រោះអគ្គិភ័យ ដែលវានឹងបំផ្លិចបំផ្លាញផ្ទះ សម្បែងខ្ទេចខ្ទីអស់ ដូចពាក្យចាស់លោកពោលថាស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។ ក្នុងនោះដែរ ប្រជាពលរដ្ឋរងគ្រោះទាំង២គ្រួសារ បានថ្លែងអំណរគុណដល់ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងអាជ្ញាធរមូលដ្ឋាន ពិសេសលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ដែលបាននាំយកអំណោយកាកបាទក្រហម ជួយឧបត្ថម្ភបានទាន់ពេល វេលា។
ជាទូទៅនៅពេលដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ មានជួបហេតុការណ៍អាសន្នផ្សេងៗ លោក អ៊ាង ស៊ីផាន បានយកចិត្តទុកដាក់កៀងគរ សប្បុរសជននានា នាំយកអំណោយជួយឧបត្ថម្ភប្រជាពលរដ្ឋក្នុងមូលដ្ឋានទាន់ពេលវេលា ស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការគិតគូរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
លោក ញាណ ចាន់សោភា បានបញ្ជាក់ថា អំណោយកាកាបាទក្រហម និងសំភារ:ជួយឧបត្ថម្ភនាពេលនេះក្នុងមួយគ្រួសារមាន៖ អង្ករ៥០គីឡូក្រាម, មីយើង១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ឃីត១កញ្ចប់ (មុង១, ភួយ សារុង១, ក្រមា១) , ទឹកសុទ្ធអូរ៉ាល់១កេស, តង់១, ទឹកត្រី១យួរ, ទឹកស៊ីវអ៊ីវ១យួរ, សំភារ:ផ្ទះបាយ១១មុខ និងស័ង្កសី២៥សន្លឹក (សំរាប់ផ្ទះតូច១០សន្លឹក និងផ្ទះធំ១៥សន្លឹក) ព្រមទាំងថវិកា៥០,០០០រៀល៕