(កំពង់ធំ)៖ សមាជិកថ្មីចំនួន៥៨១នាក់មកពីឃុំ៣ ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ចុះជួយស្រុកសន្ទុកបានថ្លែងថា ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងក្រុមការងារចុះជួយស្រុកសន្ទុក របស់គណបក្ស ពិតជាមានមោទនភាព និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំង៥៨១នាក់ ដែលបានចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ការលេីកឡេីងរបស់លោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ក្នុងពិធីប្រកាសទទួលស្គាល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៥៨១នាក់មកពីឃុំ៣មាន ឃុំតាំងក្រសាំង, ឃុំព្នៅ និងឃុំជ្រាប់
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
លោក ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅចាំទទួលស្វាគមន៍ គ្រប់ពេលវេលា ចំពោះបងប្អូនដែលចូលមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីទាំងអស់ ឲ្យតែបងប្អូនស្ម័គ្រស្មោះជាមួយគណបក្សប្រជាជនកម្ពុជា។
ការចូលមករួមរស់ជីវភាពនយោបាយ របស់បងប្អូនទាំង៥៨១នាក់ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយមាន គោលនយោបាយច្បាស់លាស់ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។
លោកបានបន្ដថា ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាក គណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ។
លោកបានបន្ថែមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ នឹងកាន់ដៃគ្នាឆ្លងការលំបាក ជាមួយគ្នាជានិច្ច មិនថា នៅពេលបច្ចុប្ប្ននេះ គឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយគ្នាជាបន្តទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍ សម្រាប់ជាតិមាតុភូមិ។
នៅក្នុងឱកាសនោះលោកប្រធាន បានចាត់ទុកវត្តមានសមាជិក សមាជិកាថ្មីទាំង៥៨១នាក់ នាពេលនេះបានបង្ហាញឲ្យឃើញកាន់តែយ៉ាងច្បាស់ការជឿជាក់ និងការគាំទ្រចំពោះការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។
សមាជិកថ្មីទាំង៥៨១នាក់នេះ ក៏ជាចំណែកធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំងខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេសផងដែរ។
លោក ស៊ុំ សន្និសិទ្ធ បានរំលឹកឲ្យសមាជិកថ្មីបានដឹងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រធានប្រជាជនកម្ពុជា នៅទូទាំងប្រទេសបានរស់នៅក្នុងសុខសន្តិភាព ហើយប្រទេសជាតិវិញក៏មានស្ថិរភាពនយោបាយល្អ ក្នុងនោះថែមទាំងថែរក្សាបានយ៉ាងរឹងមាំនូវលទ្ធិប្រជាធិបតេយ្យ ហើយក៏កំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិទៀតផង៕