(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានរំលេចអំពីស្នាដៃរបស់លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ហើយត្រៀមនឹងចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃនេះ ដើម្បីទៅទទួលតួនាទីថ្មីជា Assistant Director-General for UHC and Healthier Populations របស់ WHO Headquarter in Geneva។
បើតាមលោកស្រី ឱ វណ្ណឌីន, លោកស្រី លី អាយលែន បានជួយកម្ពុជាច្រើនសកម្មភាព ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ក្នុងការគាំទ្របច្ចេកទេសសុខាភិបាលសម្រាប់ការអភិវឌ្ឍផែនការត្រៀម និងឆ្លើយតបទៅនឹងការ រាតត្បាតនៃវីរុសកូវីដ១៩ រួមទាំងជួយដល់ការពង្រឹងសមត្ថភាព រុករកស្រាវជ្រាវរកអ្នកឆ្លង ការតាមដាន និងវាយតម្លៃហេតុការណ៍ ជាមួយនឹងការសម្របសម្រួលជាមួយដៃគូអន្តរជាតិនានា ក្នុងនោះក៏មានការជួយសម្របសម្រួល ជាមួយមជ្ឈមណ្ឌលកូវ៉ាក់ ដើម្បីបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ មកប្រេីប្រាស់នៅកម្ពុជាបានលឿនផងដែរ។
ទន្ទឹមនឹងនោះ លោកស្រី លី អាយលែន បានចុះបំពេញការងារបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស ជាមួយលោកស្រី ឱ វណ្ណឌីនផ្ទាល់ បើទោះបីជាពេលនោះ ស្ថានភាពឆ្លងរាតត្បាតកំពុងតែញាំញីខ្លាំងក៏ដោយ។
ទឹកចិត្តដែលលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ស្រឡាញ់កម្ពុជា បានបង្ហាញច្បាស់តាមរយៈសកម្មភាពយ៉ាងសកម្មផ្ទាល់របស់លោកស្រី ហើយលោកស្រីតែងតែមានការកោតសរសើរ នូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយ ភាពម៉ឺងម៉ាត់តែបត់បែនតាមសភាពការណ៍បានយ៉ាងល្អប្រសេីររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមអនុវត្តវិធានការសុខាភិបាលពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ពីអន្តរវិស័យ ពីដៃគូសុខាភិបាល ពីវិស័យឯកជន និងនៅគ្រប់ទីកន្លែងដែលលោកស្រីបានទៅដល់។
ការលះបង់របស់បុគ្គលិក សុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យទូទាំងប្រទេស បានធ្វើឲ្យលោកស្រីស្ញប់ស្ញែងកោតសរសើរលើកទឹកចិត្តនៅគ្រប់កន្លែងដែលលោកស្រីបានទៅដល់ និងផ្តល់ជាកម្លាំងចិត្តបន្ថែមទៀត ដល់លោកស្រីក្នុងការផ្តល់កិច្ចគាំទ្រតាមតម្រូវការជាក់ស្តែង និងតាមសំណើររបស់ក្រសួងសុខាភិបាល។
ការរៀបចំយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ការអភិវឌ្ឍគម្រោងការប្រតិបត្តិសម្រាប់ជំរុញបង្កើនការថែទាំសុខភាពបឋម សំដៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល និងកិច្ចការបច្ចេកទេសសុខាភិបាលផ្សេងៗទៀត ដែលមិនអាចរៀបរាប់អស់នៅទីនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់លោកស្រីតំណាង WHO ប្រចាំកម្ពុជា រួមជាមួយសហការីរបស់លោកស្រី ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមួយចំនួនសម្រាប់ដំណើរការផងដែរ។
លោកស្រី ឱ វណ្ណឌីន សូមជូនពរ លោកស្រី លី អាយលែន និងសូមអបអរសាទរដល់ការទទួលបាននូវតួនាទីថ្មីដ៏មានសារ:សំខាន់របស់គាត់នៅ ទីស្នាក់ការកណ្តាល នៃអង្គការសុខភាពពិភពលោក ទីក្រុងហ្សឺណែវ តែលោកស្រី ក៏សូមសម្ដែងនូវការសោកស្តាយជាខ្លាំងដែលគាត់ត្រូវចាកចេញពីកម្ពុជាក្នុងប៉ុន្មានម៉ោងខាងមុខនេះ។
សូមជូនពរលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព សុខភាល្អ និងមានជោគជ័យគ្រប់ភារកិច្ច។ លោកស្រីបន្ថែមថា រហូតមកទល់ពេលនេះ មិនទាន់មានព័ត៌មានស្តីពីអ្នកដែលត្រូវមកកាន់តំណែងជំនួសគាត់នៅឡេីយទេ។