(ភ្នំពេញ)៖ សពលោក កែម ឡី បានប្តូរមកដាក់លើគ្រែទឹកកក កាលពីវេលាម៉ោង ១:៤៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបាន រៀបចំរួចរាល់ នៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Pageផ្លូវការរបស់ លោក កែម ឡី នៅមុននេះបន្តិច។
យោងតាម Facebook Page ដដែលបានបញ្ជាក់ថា ដូចសេចក្តីប្រកាសកន្លងមក សពរបស់លោក កែម ឡី នឹងមិនត្រូវបូជានោះទេ។
គួរបញ្ជាក់ថា គ្រែទឹកកកដាក់សាកសពលោក កែម ឡី គឺជាផ្តល់ជូនដោយ ព្រះសង្ឃមួយព្រះអ្គ ដែលគង់នៅប្រទេសបារាំងបានប្រគល់ជូនដល់ ក្រុមគ្រួសារសពលោក កែម ឡី ដើម្បីរក្សាសាកសពឲ្យបានយូរ។
តាមការបញ្ជាក់ឲ្យដឹងពីគ្រួសារសពថា សពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ដោយ មានក្បួនរថយន្ត និងថ្មើរជើងតាម ផ្លូវសំខាន់ៗមួយចំនួន តែយ៉ាងណា ក្រុមគ្រួសារសព នៅមិនទាន់អាចបញ្ជាក់បានថា សព លោក កែម ឡី នឹងត្រូវបញ្ចុះនៅពេលណានៅឡើយទេ៕