(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងក្រុមគ្រួសារសាច់ញាតិ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបុណ្យខួប ១ឆ្នាំមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម។
ពិធីបុណ្យខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២៣។ បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យ នៅថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់មករាជធានីភ្នំពេញ ដើម្បីបើកព្រឹត្តិការស៉ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «សម្រាប់ខ្ញុំថ្ងៃនេះ ខួប៣ឆ្នាំនៃមរណភាពម្តាយក្មេក (៤ ឧសភា ២០២០-៤ ឧសភា ២០២៣)។ ថ្ងៃស្អែកជាខួប ១ឆ្នាំមរណភាពបងប្រុសទី២(៥ ឧសភា ២០២២- ៥ ឧសភា ២០២៣)។ ពេលនេះខ្ញុំកំពុងស្ថិតនៅខេត្តកំពង់ចាម ថ្ងៃស្អែកចប់កម្មវិធីត្រូវត្រឡប់ទៅភ្នំពេញវិញ ដើម្បីបើកព្រឹត្តិការស៉ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»៕