(ប៉ារីស)៖ បុណ្យ Bastille Day ត្រូវបានគេហៅជាទូទៅថា ជាបុណ្យជាតិ និងត្រូវបានហៅជាភាសាបារាំងថា La Fete Nationale ដែលតែងតែត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកក្កដាជារៀងរាល់ឆ្នាំ។ បុណ្យនេះជាការរំលឹកដល់ ព្រឹត្តិការណ៍ទម្លាយចូលមន្ទីរឃុំឃាំង Bastille ក្នុងប្រទេសបារាំង កាលពីឆ្នាំ១៧៨៩កន្លងទៅនេះ។
ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមានរបត់នយោបាយយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេស បារាំង។ តើមានអ្វីដែលទាក់ទងនឹងមន្ទីរឃុំឃាំង Bastille? ហេតុអ្វីបានព្រឹត្តិការណ៍នេះក្លាយជាបុណ្យជាតិដ៏សំខាន់នៅក្នុងប្រទេស បារាំង? ខាងក្រោមនេះជាចម្លើយ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងបុណ្យមួយនេះ៖
* តើពាក្យ Bastille សំដៅលើអ្វី និងមានប្រវិត្តិបែបណា?
Bastille សំដៅទៅលើបន្ទាយ និងមន្ទីរឃុំឃាំងមួយនៅក្នុងប្រទេស បារាំង ដែលត្រូវបានគេប្រើប្រាស់ដើម្បីឃុំឃាំង អ្នកនយោបាយជាច្រើនរូបដែលមានបំណងងើបបះបោរប្រឆាំងនឹងរបបរាជានិយម។ បន្ទាយ Bastille នេះត្រូវបានគេចាត់ទុកជានិមិត្តរូបនៃការកៀបសង្កត់របស់ស្តេចបារាំងល្វីសទី១៦ មកលើប្រជាពលរដ្ឋ។
រំលឹកដល់ថ្ងៃទី១៤ ខែកក្កដា កាលពី២២៧ឆ្នាំមុន គឺជាថ្ងៃមួយដែលប្រទេស បារាំងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលស្តេចល្វីសទី១៦ មិនអាចគ្រប់គ្រងកម្លាំងដែលប្រឆាំងនឹង របបរាជានិយមតទៅទៀតបាន។ គ្រានោះដែរស្តេចបារាំងបានទម្លាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Jacques Necker ព្រមទាំងដាក់ពង្រាយកម្លាំងយោធារបស់ទ្រង់នៅកណ្តាលទីក្រុង ប៉ារីស ធ្វើឲ្យអ្នកសេរីនិយម ព្រួយបារម្ភខ្លាចកើតមាននូវការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញជាតិ។
តែលទ្ធផលខុសពីការរំពឹងទុក ជម្លោះរវាងអ្នកគាំទ្ររបបរាជានិយម ជាមួយនឹងអ្នកប្រឆាំងបានផ្ទុះឡើងទូទាំងទីក្រុង ប៉ារីស។ ទីបំផុតនៅថ្ងៃទី១៤ ខែកក្កដាដដែលនោះ កងកម្លាំងប្រចាំការនៅមន្ទីរឃុំឃាំង Bastille ត្រូវបានឡោមព័ទ្ធ ដោយក្រុមអ្នកប្រឆាំងដែលប្រដាប់ដោយអាវុធ។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនម៉ោងតែមិនបានសម្រេចនោះ ហ្វូងមនុស្សប្រមាណជាង១,០០០នាក់ បានទម្លាយចូលក្នុងបន្ទាយ។
ក្នុងរយៈពេលជាច្រើនម៉ោងបន្ទាប់ពីការប្រឈមមុខដាក់គ្នា ហ្វូងមនុស្សទាំងនោះក៏បានរំដោះបន្ទាយ Bastille ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប្រទេស បារាំង បន្សល់ទុកនូវកងកម្លាំងតស៊ូដែលនៅរស់រានមានជីវិត ប្រហែល១០០នាក់។ យ៉ាងនេះក្តី កងកម្លាំងរបស់ព្រះរាជាសម្រេចចិត្តមិនធ្វើអន្តរាគមន៍ ឬបំបែកហ្វូងមនុស្ស ដែលនៅសេសសល់ទាំងនោះឡើយ។ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅពេលដែលមនុស្សទម្លាយចូលក្នុង មន្ទីរឃុំឃាំងនេះ នៅមានអ្នកទោសចាស់ៗត្រឹមតែ៧នាក់ប៉ុណ្ណោះ។
* ហេតុអ្វីបានជាវាក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្រ្តប្រទេសបារាំង?
ការពិតទៅការទម្លាយចូលក្នុងមន្ទីរឃុំឃាំង ដើម្បីរំដោះមនុស្សហាក់សូវជាសំខាន់ប៉ុន្មានឡើយ សម្រាប់ប្រវត្តិសាស្រ្ត បារាំង ប៉ុន្តែព្រឹត្តិការណ៍នេះបានជម្រុញ ឲ្យមានការរីកសាយភាយនូវចលនាបដិវត្តន៍ទូទាំងទីក្រុងប៉ារីស និងប្រទេស បារាំងទាំងមូល ដែលជម្រុញឲ្យអំណាចរបស់ទ្រង់ល្វីសទី១៦ និងកងកម្លាំងដែល ស្ថិតក្រោមអំណាចរបស់ទ្រង់ត្រូវ ធ្លាក់ចុះ។ ទីបំផុតព្រឹត្តិការណ៍នេះជម្រុញឲ្យមានការផ្តួលរំលំរបបរាជានិយមបានសម្រេច រហូតប្រហារជីវិតស្តេច ល្វីសទី១៦ រួមទាំងអគ្គមហេសីរបស់ទ្រង់ព្រះនាម Marie Antoinette។
ក្រោយមកបារាំងក៏ចាប់ផ្តើមដើរទៅមុខជាមួយនឹងរបបសាធារណៈរដ្ឋទំនើបថ្មីមួយ។ មន្ទីរឃុំឃាំង Bastille ត្រូវបានគេកំទេចទាំងស្រុងក្នុងរយៈពេលប្រាំខែក្រោយមក ហើយបច្ចុប្បន្នមានតែវិមានមួយប៉ុណ្ណោះ ដែលត្រូវបានកសាងឡើងជំនួសនៅទីនោះ។
* ហេតុអ្វីបានជាប្រជាពលរដ្ឋបារាំងអបអរសាទរដល់ថ្ងៃនោះ?
ប្រទេសបារាំង តែងតែអបអរសាទររាល់ថ្ងៃបុណ្យទាំងឡាយណា ដែលធ្លាប់ជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្រ្ត និងជាអត្តសញ្ញាណរបស់ខ្លួន។ ជំនួសឲ្យការរំលឹកដល់ព្រឹត្តិការណ៍ទម្លាយមន្ទីរឃុំឃាំង Bastille បារាំងបែរជាយក ថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិ ដើម្បីអបអរសាទរបាវចនាជាតិ នៃរបបសាធារណៈរដ្ឋទៅវិញ ដែលបាវចនាទាំងបី របស់ប្រទេស បារាំង រួមមាន «សេរីភាព សមភាព និងភាតរភាព»។
* តើមនុស្សអបអសាទរពិធីបុណ្យនេះដោយរបៀបណា?
ថ្ងៃទី១៤ ខែកក្កដានេះ ត្រូវបានប្រទេស បារាំង ចាត់ទុកជាថ្ងៃបុណ្យជាតិដោយបានអបអរសារទរជាមួយនឹង ការបាញ់កាំជ្រួចយ៉ាងសម្បូរបែប និងចម្រុះពណ៌ រួមជាមួយការបរិភោគអាហាររួមគ្នា ដើរក្បួនព្យុហយាត្រា និងការដើរកម្សាន្តជាដើម។ ការធ្វើព្យុហយាត្រានៅក្នុងថ្ងៃ Bastille Day នេះ ជាព្រិត្តិការណ៍ដែលមានប្រជាប្រិយភាព មានទ្រង់ទ្រាយធំជាងគេ និងចំណាស់ជាងគេនៅអឺរ៉ុប ដោយបានរៀបចំឡើងដំបូងតាំងពីឆ្នាំ១៨៨០មកម្ល៉េះ។ នៅក្នុងឆ្នាំខ្លះ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញយោធា និងភ្ញៀវបរទេស ឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
សូមជម្រាបថាបុណ្យ Bastille Day នេះក៏ត្រូវបានប្រារព្ធឡើងក្នុងប្រទេសដទៃផ្សេងទៀតជាច្រើន ក្នុងនោះក៏មាន អង់គ្លេស សហរដ្ឋអាម៉េរិក និងកាណាដាជាដើម តែត្រូវបានប្រារព្ធឡើងក្នុងកាលបរិច្ឆេទខុសៗគ្នា៕