(ព្រះសីហនុ)៖ លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ដ្រីអង្គ វឌ្ឍនា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមពិធីប្រកាសចូលកាន់តំណែង របស់ប្រធាន និងអនុប្រធាន នៃលេខាធិការដ្ឋាន សាលាដំបូងខេត្តព្រះសីហនុ៣រូប រួមទាំងរចនាសម្ព័ន្ធដឹកនាំលេខាធិការដ្ឋាន និងប្រគល់ត្រាផ្លូវការផងដែរ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោក ផូវ សំភី អគ្គនាយកកិច្ចការរដ្ឋបាលតុលាការ លោក ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ ផន អភិបាលរងខេត្ត លោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ផងដែរ។
ក្នុងឱកាសនោះ លោក យឹម ប៊ុណ្ណារ៉េត ត្រូវបានប្រកាសតែងតាំងជាប្រធានលេខាធិការដ្ឋានខេត្ត និងលោក សេក សុវណ្ណ និងលោក រ៉ិត ចំណាន ជាអនុប្រធានលេខាធិការដ្ឋាន ដោយយោងតាមអនុក្រឹត្យ និងប្រកាសរបស់ក្រសួងយុត្តិធម៌។
លោក យឹម ប៊ុណ្ណារ៉េត ប្រធានលេខាធិការដ្ឋានទើបឡើងថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីគ្រប់គ្រងកិច្ចការដ្ឋបាលតុលាការ និងអយ្យការសាលាដំបូងខេត្តព្រះសីហនុ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ឆាប់រហ័សទៅតាមនិតិវិធី មានទំនុកចិត្តពីប្រជាពលរដ្ឋ និងអ្នកប្រើសេវា ដោយមិនឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសក្រសួងខកបំណងឡើយ។
បន្ថែមពីនេះ លោក កើត រិទ្ធ បានថ្លែងពីការប្រឈមការលំបាកកន្លងមករបស់សាលាដំបូងថា ប្រធានសាលាដំបូង ព្រះរាជអាជ្ញា លោកចៅក្រម រួមទាំងក្រឡាបញ្ជី ដែលធម្មជាតិរបស់ពួកគាត់ទាំងនោះ ធ្វើការតែលើសំណុំរឿងតែប៉ុណ្ណោះ ពោលមិនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរដ្ឋបាល បុគ្គលិក រួមទាំងផ្នែកហិរញ្ញវត្ថុទេ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ សម្រេចបង្កើតអង្គភាពនេះឡើង ដើម្បីប្រយោជន៍ជាសេនាធិការឲ្យសាលាដំបូងខេត្ត និងជាច្រកចេញ ចូលតែមួយ ក្នុងការផ្តល់ព័ត៌មាននានាដល់សាធារណជន ដែលបានដាក់ពាក្យបណ្តឹងចូលសាលាដំបូងរួចហើយ ហើយអាចផ្តល់ព័ត៌មានបឋមនានា ដល់អ្នកសារព័ត៌មានផងដែរ៕