(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរ ដល់កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men's DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភានេះផ្ទាល់តែម្ដង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ កីឡាករ កីឡាការិនី កម្ពុជាឲ្យទទួលបាន មេដាយមាសក្នុងការប្រកួតជាបន្តទៀត។
សូមជម្រាបថា ជ័យជម្នះរបស់កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បន្ទាប់ពីយកឈ្នះក្រុមថៃ លំដាប់ពិន្ទុ (៦៧.៥-៦៥.៥នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា គឺជាអ្នកដណ្តើមបានមេដាយមាសដំបូងគេហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បានលើកឡើងថា ពួកគេមានមោទនភាព ហើយរីករាយជាខ្លាំង ពេលដណ្តើមបានមេដាយមាសជូនជាតិ។ ពួកគេក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រយ៉ាងមុតមាំដល់ការប្រកួតរបស់ពួកគេ៕