(ស្វាយរៀង)៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួល វត្តអារាមទាំង២៤៦ ក្នុងខេត្ត ឱ្យរៀបចំពិធីបុណ្យពិសាខបូជាបានយ៉ាងឱឡារិក សាកសមជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងលោកស្រីបានអញ្ជើញចូលរួមពិធីបុណ្យពិសាខបូជា នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយមាននិមន្តពីព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ លោក ទីវសុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានឱ្យដឹងថា ថ្ងៃ១៥កើត ខែពិសាខនេះ គឺជាថ្ងៃបុណ្យវិសាខបូជា មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។

លោកបានបន្ថែមថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ៣ នៃសម័យកាលរបស់ ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំង៣នេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។ នៅក្នុងពិធីនោះ ក៏មានពិធីរាប់បាតដែលមានព្រះសង្ឃ ១០៦អង្គ មកពីបណ្ដាវត្តក្នុងក្រុងស្វាយរៀងផងដែរ៕