(ព្រះវិហារ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងប្រធានមន្ទីរសុខាភិបាលខេត្តអ៊ូប៊ុន របស់ថៃ បានប្តេជ្ញាចិត្តរួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យសុខាភិបាលតាមបណ្តោយព្រំដែនកម្ពុជារវាងមន្ទីរពេទ្យបង្អែកជាំក្សាន្ត និងមន្ទីរពេទ្យណាំយឺន។

ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រធានមន្ទីរសុខាភិបាលនៃខេត្តទាំង២ បានធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំការងារសហប្រតិបត្តការលើវិស័យសុខាភិបាលតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ រវាងមន្ទីរពេទ្យ បង្អែកជាំក្សាន្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ទីរពេទ្យណាំយឺន របស់មន្ទីរសុខាភិបាលខេត្តអ៊ូប៊ុន ប្រទេសថៃ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាមួយលោកវេជ្ជបណ្ឌិត Theerapong Keawphamorr ប្រធានមន្ទីរសុខាភិបាល ខេត្តអ៊ូប៊ុន។

កិច្ចប្រជុំនាឱកាសនេះផ្តោតសំខាន់លើរបៀបវារៈរួមមាន៖

*ប្រពន្ធ័អង្កេតតាមដានជំងឺឆ្លង
*រៀបចំលំហាត់សមប្រយុទ្ធរួមគ្នាលើការជួយសង្រ្គោះក្នុងករណីគ្រោះថ្នាក់ចរាចណ៍ដែលមានអ្នករងគ្រោះច្រើន
*លើការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល
*ប្រពន្ធ័បញ្ជូន

ជាមួយគ្នានេះភាគីទាំង២ បានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងបានថតរូបទុកជាអនុស្សាវីយ៍ ព្រមទាំងបានទស្សនាសកម្មភាពការងាររបស់បុគ្គលិកពេទ្យជាំក្សាន្ត នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលកំពុងមមាញឹកបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕